[​៤៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សប្បុរិសទាន​នេះ​ ​មាន​ ​៥​ ​យ៉ាង​។​ ​សប្បុរិសទាន​ ​៥​ ​យ៉ាង​ ​ដូចម្តេច​ខ្លះ​។​ ​គឺ​ឲ្យ​ទាន​ដោយ​សទ្ធា​ ​១​ ​ឲ្យ​ទាន​ដោយ​គោរព​ ​១​ ​ឲ្យ​ទាន​តាមកាល​គួរ​ ​១​ ​ឲ្យ​ទាន​ដោយចិត្ត​អនុគ្រោះ​ ​១​ ​ឲ្យ​ទាន​ដោយ​មិនបាន​បៀតបៀន​ខ្លួនឯង​ ​និង​អ្នកដទៃ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ឲ្យ​ទាន​ដោយ​សទ្ធា​ ​ដោយ​ផល​ទាន​នោះ​ ​កើត​ក្នុង​ទី​ណាៗ​ ​ជា​បុគ្គល​ស្តុកស្តម្ភ​ ​មានទ្រព្យ​ច្រើន​ ​មាន​ភោគៈ​ច្រើន​ផង​ ​ជា​បុគ្គល​មាន​រូបល្អ​ ​គួរ​រមិលមើល​ ​ជាទី​ជ្រះថ្លា​ ​ប្រកបដោយ​ភាពជា​អ្នកមាន​សម្បុរ​ល្អ​ដ៏​ក្រៃលែង​ផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ឲ្យ​ទាន​ដោយ​គោរព​ ​ដោយ​ផល​ទាន​នោះ​ ​កើត​ក្នុង​ទី​ណាៗ​ ​ជា​បុគ្គល​ស្តុកស្តម្ភ​ ​មានទ្រព្យ​ច្រើន​ ​មាន​ភោគៈ​ច្រើន​ផង​ ​ពួក​ជន​ណា​ ​ទោះ​កូន​ក្តី​ ​ប្រពន្ធ​ក្តី​ ​ខ្ញុំ​ក្តី​ ​អ្នកបម្រើ​ក្តី​ ​អ្នកធ្វើការ​ងារ​ក្តី​ ​របស់​បុគ្គល​នោះ​ ​ជន​ទាំងនោះ​ ​តែង​ស្តាប់​ដោយ​ល្អ​ ​ផ្អៀង​ស្រោត​ ​តាំងចិត្ត​ដើម្បី​ដឹងផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ឲ្យ​ទាន​តាមកាល​ដ៏​គួរ​ ​ដោយ​ផល​ទាន​នោះ​ ​កើត​ក្នុង​ទី​ណាៗ​ ​ជា​បុគ្គល​ស្តុកស្តម្ភ​ ​មានទ្រព្យ​ច្រើន​ ​មាន​ភោគៈ​ច្រើន​ផង​ ​ប្រយោជន៍​ ​គឺ​ភោគៈ​ដ៏​ពោរពេញ​ ​រមែង​មក​តាមកាល​ដ៏​គួរ​ ​ដល់​បុគ្គល​នោះ​ផង​។​ ​
ថយ | ទំព័រទី ៨៨ | បន្ទាប់