ម្នាលភិក្ខុទាំងឡាយ បើអ្នកទាំងឡាយ បានឃើញមូលហេតុនៃវិវាទ មានសភាពយ៉ាងនេះ ជាខាងក្នុង ឬជាខាងក្រៅហើយ ម្នាលភិក្ខុទាំងឡាយ ក្នុងរឿងនោះ អ្នកទាំងឡាយ ត្រូវព្យាយាម ដើម្បីលះមូលហេតុ នៃវិវាទដ៏លាមកនោះចេញ ម្នាលភិក្ខុទាំងឡាយ បើអ្នកទាំងឡាយ មិនឃើញមូលហេតុនៃវិវាទ មានសភាពយ៉ាងនេះ ជាខាងក្នុង ឬជាខាងក្រៅទេ ម្នាលភិក្ខុទាំងឡាយ ក្នុងរឿងនោះ អ្នកទាំងឡាយ សមបីប្រតិបត្តិ ដើម្បីឲ្យមូលហេតុ នៃវិវាទដ៏លាមកនោះ ជាប់តាមតទៅទៀតបាន។ យ៉ាងនេះ ឈ្មោះថា ការលះមូលហេតុ នៃវិវាទដ៏លាមកនុ៎ះចេញ។ យ៉ាងនេះ ឈ្មោះថា មានមូលហេតុ នៃវិវាទដ៏លាមកនុ៎ះ ជាប់តាមតទៅទៀត១។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាអ្នកលុបគុណ និងវាយឫកស្មើ ១។បេ។ ជាអ្នកមានសេចក្តីឫស្យា មានសេចក្តីកំណាញ់ ១ ជាអ្នកអួតអាង មានពុតត្បុត ១ ជាអ្នកមានសេចក្តីប្រាថ្នាដ៏លាមក មានសេចក្តីយល់ខុស ១ ជាអ្នកស្ទាបអង្អែល តាមសេចក្តីយល់របស់ខ្លួន ប្រកាន់មាំ លះបង់បានដោយក្រ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា ស្ទាបអង្អែលតាមសេចក្តីយល់របស់ខ្លួន ប្រកាន់មាំ លះបង់បានដោយក្រ ភិក្ខុនោះ មិនគោរព មិនកោតក្រែង ក្នុងព្រះសាស្តាផង មិនគោរព មិនកោតក្រែង ក្នុងព្រះធម៌ផង មិនគោរព មិនកោតក្រែង ក្នុងព្រះសង្ឃផង មិនធ្វើឲ្យបរិបូណ៌ក្នុងសិក្ខាផង។