[៤៥] ម្នាលភិក្ខុទាំងឡាយ សេចក្តីទ័លក្រ ជាទុក្ខនៃកាមភោគីបុគ្គល (បុគ្គលអ្នកបរិភោគកាម) ក្នុងលោកដែរឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទ័លក្រ មិនមានវត្ថុជារបស់ខ្លួន មិនបានជាបុគ្គលស្តុកស្តម្ភ កាន់យកនូវបំណុលណា ម្នាលភិក្ខុទាំងឡាយ ការកាន់យកនូវបំណុលនោះ ជាទុក្ខនៃកាមភោគីបុគ្គល ក្នុងលោកដែរឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទ័លក្រ មិនមានវត្ថុជារបស់ខ្លួន មិនបានជាបុគ្គលស្តុកស្តម្ភ កាន់យកនូវបំណុលហើយ ប្តេជ្ញានូវអំពើចងការណា ម្នាលភិក្ខុទាំងឡាយ អំពើចងការនោះ ជាទុក្ខនៃកាមភោគីបុគ្គល ក្នុងលោកដែរឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទ័លក្រ មិនមានវត្ថុជារបស់ខ្លួន មិនបានជាបុគ្គលស្តុកស្តម្ភ ប្តេជ្ញានូវអំពើចងការហើយ មិនឲ្យការដែលគេឲ្យនាំមក តាមកំណត់កាល ម្ចាស់បំណុលទាំងឡាយ រមែងតឹងទារ នូវបុគ្គលនោះ ដោយការតឹងទារណា ម្នាលភិក្ខុទាំងឡាយ ការតឹងទារនោះ ជាទុក្ខនៃកាមភោគីបុគ្គល ក្នុងលោកដែរឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទ័លក្រ មិនមានវត្ថុជារបស់ខ្លួន មិនបានជាបុគ្គលស្តុកស្តម្ភ កាលបើគេតឹងទារហើយ មិនបានឲ្យគេ រមែងដេញតាមនូវបុគ្គលនោះ ដោយការដេញតាមទារណា ម្នាលភិក្ខុទាំងឡាយ ការដេញតាមនោះ ជាទុក្ខនៃកាមភោគីបុគ្គល ក្នុងលោកដែរឬ។