មិនមានបុគ្គលដទៃ ប្រហែលនឹងអាត្មាអញផង មិនមានបុគ្គលដទៃ ថោកទាបជាងអាត្មាអញផង។ ព្រះសុមនៈដ៏មានអាយុ បានក្រាបបង្គំទូលដូច្នេះរួចហើយ។ ព្រះសាស្តា ក៏ទ្រង់សព្វព្រះហ្ឫទ័យ។ គ្រានោះ ព្រះសុមនៈដ៏មានអាយុ គិតថា ព្រះសាស្តារបស់អាត្មាអញ ទ្រង់សព្វព្រះហ្ឫទ័យហើយ ក៏ក្រោកចាកអាសនៈ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណ ហើយចៀសចេញទៅ។ លំដាប់នោះ កាលព្រះខេមៈដ៏មានអាយុ និងព្រះសុមនៈដ៏មានអាយុ ចៀសចេញទៅ មិនយូរប៉ុន្មាន ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ពួកកុលបុត្ត រមែងពោលនូវអរហត្តផល យ៉ាងនេះឯង ទាំងសេចក្តី ក៏ពួកកុលបុត្តនោះ បានពោលហើយ ទាំងខ្លួន ក៏ពួកកុលបុត្តនោះ មិនបានបង្អោនទៅដោយមានះ ចំណែកមោឃបុរសពួកខ្លះ ក្នុងលោកនេះ ហាក់ដូចជារីករាយ ពោលនូវអរហត្តផល ពួកមោឃបុរសទាំងនោះ នឹងដល់នូវសេចក្តីទុក្ខ ក្នុងកាលជាខាងក្រោយ។