ព្រះអានន្ទដ៏មានអាយុ រមែងសំដែងធម៌ តាមទំនងដែលខ្លួនចេះដឹង តាមទំនងដែលខ្លួនបានរៀនសូត្រ ដល់បុគ្គលដទៃ ដោយពិស្តារ ព្រះអានន្ទដ៏មានអាយុ បង្ហាញធម៌ តាមទំនងដែលខ្លួនចេះដឹង តាមទំនងដែលខ្លួនបានរៀនសូត្រ ដល់បុគ្គលដទៃ ដោយពិស្តារ ព្រះអានន្ទដ៏មានអាយុ ស្វាធ្យាយនូវធម៌ តាមទំនងដែលខ្លួនចេះដឹង តាមទំនង ដែលខ្លួនបានរៀនសូត្រ ដោយពិស្តារ ព្រះអានន្ទដ៏មានអាយុ ត្រិះរិះរឿយៗ ពិចារណារឿយៗ គិតរឿយៗ នូវធម៌ តាមទំនងដែលខ្លួនចេះដឹង តាមទំនងដែលខ្លួនបានរៀនសូត្រដោយចិត្ត ពួកភិក្ខុជាថេរៈ ជាពហុស្សូត ជាអ្នកចេះចាំ នូវនិកាយ ទ្រទ្រង់ធម៌ ទ្រទ្រង់វិន័យ ទ្រទ្រង់មាតិកា នៅក្នុងអាវាសណា ព្រះអានន្ទដ៏មានអាយុ ចូលទៅកាន់វស្សា ក្នុងអាវាសនោះ ព្រះអានន្ទដ៏មានអាយុ រមែងចូលទៅរកភិក្ខុទាំងនោះ សព្វៗកាល ហើយសាកសួរ ដេញដោលថា បពិត្រលោកទាំងឡាយដ៏ចំរើន ពាក្យនេះ ដូចម្តេច អត្ថរបស់ពាក្យនេះ ដូចម្តេច។ ភិក្ខុទាំងនោះ ក៏បង្ហាញនូវធម៌ ដែលកំបាំងផង ធ្វើនូវធម៌ដែលក្រ ឲ្យទៅជាងាយផង បន្ទោបង់នូវសេចក្តីសង្ស័យ ក្នុងធម៌ដែលមានប្រការច្រើន ជាទីតាំងនៃសេចក្តីសង្ស័យផង ដល់ព្រះអានន្ទដ៏មានអាយុ។