ម្នាលព្រាហ្មណ៍ធម្មិកៈ សុប្បតិដ្ឋនិគ្រោធរាជ មានទំហំ ១២ យោជន៍ មានបណ្តាញឫស ៥យោជន៍។ ម្នាលព្រាហ្មណ៍ ធម្មិកៈ សុប្បតិដ្ឋនិគ្រោធរាជ មានផ្លែធំប៉ុនភាជនៈ សម្រាប់ចំអិននូវភត្ត ចំនួនមួយអាឡ្ហក ផ្លែជ្រៃនោះ មានរសផ្អែមដូចទឹកឃ្មុំពុំមានមេ។ ម្នាលព្រាហ្មណ៍ធម្មិកៈ ព្រះរាជា សោយមែកមួយ របស់សុប្បតិដ្ឋនិគ្រោធរាជ ជាមួយស្រីស្នំ ពួកពល បរិភោគមែកមួយ ពួកអ្នកនិគម ជនបទ បរិភោគមែកមួយ ពួកសមណព្រាហ្មណ៍ បរិភោគមែកមួយ ពួកម្រឹគបក្សី បរិភោគមែកមួយ។ ម្នាលព្រាហ្មណ៍ធម្មិកៈ មិនមានបុគ្គលណា រក្សានូវផ្លែ នៃសុប្បតិដ្ឋនិគ្រោធរាជទេ។ សេចក្តីដំណាលថា ពួកជនមិនហ៊ានបៀតបៀន នូវផ្លែរបស់គ្នានឹងគ្នាឡើយ។ ម្នាលព្រាហ្មណ៍ ធម្មិកៈ លំដាប់នោះ មានបុរសម្នាក់ ស៊ីផ្លែសុប្បតិដ្ឋនិគ្រោធរាជ ដរាបដល់ឆ្អែត ហើយក៏កាច់យកមែក ចៀសចេញទៅ។