ចូរតាំងនូវឥន្រ្ទិយទាំងឡាយ (មានសិទ្ធិន្រ្ទិយ ជាដើម) ឲ្យស្មើគ្នាផង ចូរកាន់យកនូវនិមិត្ត ក្នុងសេចក្តីព្យាយាមនឹងឥន្រ្ទិយដែលស្មើល្មមនោះផង។ ព្រះសោណៈដ៏មានអាយុ បានទទួលព្រះពុទ្ធដីកា នៃព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ លុះព្រះដ៏មានព្រះភាគ ទ្រង់ទូន្មានព្រះសោណៈដ៏មានអាយុ ដោយឱវាទនេះហើយ ក៏ស្រាប់តែបាត់អំពីព្រៃសីតវន ទៅប្រាកដលើភ្នំគិជ្ឈកូដ ដូចជាបុរសដ៏មានកំឡាំង លាចេញនូវដៃដែលបត់ចូល ឬបត់ចូលនូវដៃ ដែលលាចេញ។ គ្រាសម័យជាខាងក្រោយមក ព្រះសោណៈដ៏មានអាយុ ក៏បានតាំងនូវសេចក្តីព្យាយាម ឲ្យស្មើល្មមផង តាំងនូវឥន្រ្ទិយទាំងឡាយ ឲ្យស្មើគ្នាផង បានកាន់យកនូវនិមិត្ត(១) ក្នុងសេចក្តីព្យាយាមនឹងឥន្រ្ទិយ ដែលស្មើល្មមនោះផង។ លំដាប់នោះ ព្រះសោណៈដ៏មានអាយុ គេចចេញចាកពួក ទៅនៅតែម្នាក់ឯង ជាអ្នកមិនប្រមាទ មានព្យាយាមដុតបំផ្លាញ (នូវកិលេស) មានចិត្តស្លុងទៅ (កាន់ព្រះនិព្វាន) ពួកកុលបុត្ត ដែលចេញចាកផ្ទះ ចូលកាន់ផ្នួសដោយប្រពៃ ដើម្បីប្រយោជន៍ ដល់អនុត្តរធម៌ណា
(១) សំដៅយកសមថនិមិត្ត និងវិបស្សនានិមិត្ត។ អដ្ឋកថា។