លុះក្នុងសម័យជាកាលជិតមរណៈនោះ ភិក្ខុនោះ មិនបានចួបប្រទះព្រះតថាគត ប៉ុន្តែបានចួបប្រទះនឹងសាវក របស់ព្រះតថាគត សាវករបស់ព្រះតថាគត ក៏សំដែងធម៌ មានពីរោះបទដើម។បេ។ ប្រកាសព្រហ្មចរិយធម៌ ដ៏បរិសុទ្ធ ដល់ភិក្ខុនោះ ចិត្តរបស់ភិក្ខុនោះ ក៏ចុះស៊ប់ក្នុងធម៌ដ៏ប្រសើរ គឺព្រះនិព្វាន ជាទីអស់ទៅ នៃឧបធិបាន ព្រោះស្តាប់ធម៌ទេសនានោះ ម្នាលអានន្ទ នេះជាអានិសង្ស ទី៥ ក្នុងការស្តាប់ធម៌ តាមកាលគួរ។ ម្នាលអានន្ទ មួយវិញទៀត ភិក្ខុមានចិត្តផុតស្រឡះ ចាកសញ្ញោជនៈ ជាចំណែកខាងក្រោម ៥ យ៉ាង ស្រេចហើយ ប៉ុន្តែមានចិត្តមិនទាន់ចុះស៊ប់ ក្នុងធម៌ដ៏ប្រសើរ គឺព្រះនិព្វាន ជាទីអស់ទៅ នៃឧបធិនៅឡើយទេ លុះក្នុងសម័យជាកាលជិតមរណៈនោះ ភិក្ខុនោះ មិនបានចួបប្រទះព្រះតថាគត ទាំងមិនបានចួបប្រទះ នឹងសាវករបស់ព្រះតថាគតទេ ប៉ុន្តែបានត្រិះរិះរឿយៗ ពិចារណារឿយៗ ដោយចិត្ត ពិនិត្យរឿយៗ ក្នុងចិត្ត ចំពោះធម៌ តាមដែលខ្លួនបានស្តាប់ បានរៀនមក កាលភិក្ខុនោះ ត្រិះរិះរឿយៗ ពិចារណារឿយៗ ដោយចិត្ត ពិនិត្យរឿយៗ ក្នុងចិត្ត ចំពោះធម៌ តាមដែលខ្លួនបានស្តាប់ បានរៀនមក ចិត្តក៏ចុះស៊ប់ ក្នុងធម៌ដ៏ប្រសើរ គឺព្រះនិព្វាន ជាទីអស់ទៅ នៃឧបធិបាន