កិរិយានៅសប្បាយ ក្នុងឥរិយាបថទាំង ៤ ក្តី នឹងមានដល់អញ។ ពិចារណា ដោយឧបាយហើយ ប្រើប្រាស់នូវសេនាសនៈ ដើម្បីការពារត្រជាក់ ដើម្បីការពារកំដៅ ដើម្បីការពារសម្ផស្ស របោម មូល ខ្យល់ កំដៅថ្ងៃ និងពស់តូច ពស់ធំទាំងឡាយ ដើម្បីបន្ទោបង់នូវអន្តរាយ ដែលកើតអំពីរដូវ ហើយអភិរម្យសម្ងំនៅក្នុងព្រះកម្មដ្ឋាន។ ពិចារណាដោយឧបាយហើយ ប្រើប្រាស់នូវគ្រឿងបរិក្ខារ គឺថ្នាំ ជាបច្ច័យដល់អ្នកជំងឺ ដើម្បីការពារនូវវេទនាទាំងឡាយ ដែលបៀតបៀនផ្សេងៗ ដែលកើតឡើងហើយ ដើម្បីប្រាសចាកទុក្ខខ្លាំង។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុនោះ មិនសេព (នូវបច្ច័យណាមួយ ដោយឧបាយ) ទេ អាសវៈទាំងឡាយ ដែលជាគ្រឿងចង្អៀតចង្អល់ ក្តៅក្រហាយ គប្បីកើតឡើងបាន បើភិក្ខុនោះ បានសេព (នូវបច្ច័យណាមួយដោយឧបាយ) អាសវៈ ដែលជាគ្រឿងចង្អៀតចង្អល់ ក្តៅក្រហាយទាំងនោះ រមែងមិនមាន ដោយឧបាយយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អាសវៈទាំងឡាយ ដែលត្រូវលះបង់ ដោយការពារសេព ភិក្ខុក៏បានលះបង់ ដោយការសេព។ ម្នាលភិក្ខុទាំងឡាយ ចុះអាសវៈទាំងឡាយដូចម្តេច ដែលត្រូវលះបង់ ដោយការអត់ធន់ ភិក្ខុក៏បានលះបង់ ដោយការអត់ធន់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណា ដោយឧបាយហើយ អត់ធន់នូវត្រជាក់ ក្តៅ ឃ្លាន ស្រេក