បុរសណាមួយ ជាអ្នកប្រាថ្នាប្រយោជន៍ ប្រាថ្នាសេចក្តីចំរើន ប្រាថ្នាដើម្បីក្សេម ចាកយោគៈ ដល់បុរសនោះ ប្រាថ្នានឹងស្រង់អំពីរណ្តៅលាមកនោះ ក៏ដើរចូលមកកាន់បុរសនោះ ឯបុរសនោះ ដើរក្រឡឹងជុំវិញរណ្តៅលាមកនោះហើយ មិនឃើញសរីរប្រទេស របស់បុរសនោះ ដែលត្រឹមតែចាក់ដោយចុងបំផុតនៃរោម ដែលមិនប្រឡាក់ដោយលាមក ដែលគួរនឹងចាប់ស្រង់បុរសនោះឡើងបាន យ៉ាងណាមិញ ម្នាលអានន្ទ តថាគតមិនបានឃើញធម៌ស របស់ទេវទត្ត ត្រឹមតែចាក់ដោយចុងបំផុត នៃរោមបាន ក្នុងកាលណា តថាគតព្យាករទេវទត្តថា ភិក្ខុទេវទត្តជាអ្នកកើតក្នុងអបាយ ទៅនរក តាំងនៅអស់ ១ កប្ប កែមិនកើត ក្នុងកាលនោះ ក៏យ៉ាងនោះឯង ម្នាលអានន្ទ បើដូច្នោះ អ្នកទាំងឡាយ ត្រូវស្តាប់ តថាគត ចែកនូវបុរិសិន្រិ្ទយញ្ញាណ(១) បពិត្រព្រះដ៏មានព្រះភាគ កាលនេះ ជាកាលគួរ បពិត្រព្រះសុគត កាលនេះ ជាកាលគួរ សូមព្រះដ៏មានព្រះភាគ ចែកនូវបុរិសិន្រ្ទិយញ្ញាណ ពួកភិក្ខុស្តាប់ព្រះដ៏មានព្រះភាគហើយ នឹងចងចាំទុក។ ម្នាលអានន្ទ បើដូច្នោះ អ្នកចូរស្តាប់ ធ្វើទុកក្នុងចិត្ត ឲ្យប្រពៃចុះ តថាគតនឹងសំដែង។
(១) សេចក្តីដឹងនូវឥន្ទ្រិយ របស់បុរសដ៏ក្លៀវក្លា និងទន់។