ម្នាលភិក្ខុទាំងឡាយ ត្រូវហើយ ម្នាលភិក្ខុទាំងឡាយ ហេតុនុ៎ះ សូម្បីតថាគត ក៏មិនធ្លាប់ឃើញ មិនធ្លាប់ឮថា បុគ្គលជាព្រានត្រី អ្នកចាប់ត្រី សំឡាប់ត្រីលក់ បានជាអ្នកទៅដោយដំរី ទៅដោយសេះ ទៅដោយរថ ទៅដោយយាន ឬបានជាអ្នកបរិភោគ នូវភោគសម្បត្តិ នៅគ្រប់គ្រង នូវគំនរភោគសម្បត្តិដ៏ច្រើន ព្រោះអំពើបែបនោះ ព្រោះការចិញ្ចឹមជីវិតបែបនោះ ដូច្នេះដែរ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ព្រានត្រីនោះ តែងរំពៃរកត្រី ដែលខ្លួនត្រូវសំឡាប់ នាំមកដើម្បីសំឡាប់នោះ ដោយចិត្តអាក្រក់ ព្រោះហេតុនោះ ព្រាននោះ ទើបជាអ្នកមិនបានទៅដោយដំរី មិនបានទៅដោយសេះ មិនបានទៅដោយរថ មិនបានទៅដោយយាន មិនបានជាអ្នកបរិភោគ នូវភោគសម្បត្តិ មិនបានគ្រប់គ្រង នូវគំនរភោគសម្បត្តិដ៏ច្រើនឡើយ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ យល់ហេតុនោះ ដូចម្តេច អ្នកទាំងឡាយ ធ្លាប់ឃើញ ឬធ្លាប់ឮថា អ្នកពិឃាតគោ សំឡាប់គោលក់ បានជាអ្នកទៅដោយដំរី ទៅដោយសេះ ទៅដោយរថ ទៅដោយយាន ឬបានជាអ្នកបរិភោគ នូវភោគសម្បត្តិ នៅគ្រប់គ្រងគំនរភោគសម្បត្តិដ៏ច្រើន ព្រោះអំពើបែបនោះ ព្រោះការចិញ្ចឹមជីវិត បែបនោះ ដូច្នេះដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន មិនដូច្នោះទេ។ ម្នាលភិក្ខុទាំងឡាយ ត្រូវហើយ ម្នាលភិក្ខុទាំងឡាយ ហេតុនុ៎ះ សូម្បីតថាគត ក៏មិនធ្លាប់ឃើញ មិនធ្លាប់ឮថា