មិនមានចិត្តដែលមោហៈគ្របសង្កត់ទេ សម័យនោះ អរិយសាវកនោះ មានចិត្តប្រព្រឹត្តទៅត្រង់តែមួយយ៉ាង ជាចិត្តចេញរួចឃ្លាតអំពីគេធៈបាន ម្នាលភិក្ខុទាំងឡាយ ពាក្យថា គេធៈនេះ ជាឈ្មោះនៃកាមគុណ ៥។ ម្នាលភិក្ខុទាំងឡាយ សត្វពួកខ្លះ ក្នុងលោកនេះ តែងបរិសុទ្ធបានយ៉ាងនេះ ព្រោះធ្វើនូវចាគានុស្សតិកម្មដ្ឋាន ឲ្យជាអារម្មណ៍។ ម្នាលភិក្ខុទាំងឡាយ មួយទៀត អរិយសាវក រឭកនូវពួកទេវតាថា មានពួកទេវតាជាន់ចាតុម្មហារាជិកៈ ទេវតាជាន់តាវត្តឹង្ស ទេវតាជាន់យាមៈ ទេវតាជាន់តុសិតៈ ទេវតាជាន់និម្មានរតី ទេវតាជាន់បរនិម្មិតវសវត្តី មានទេវតាជាពួករបស់ព្រហ្ម មានទេវតាជាន់ខ្ពស់ជាងនោះទៀត ទេវតាទាំងនោះ ដែលប្រកបដោយសទ្ធាយ៉ាងណា ច្យុតអំពីទីនេះហើយ ទៅកើតក្នុងទីនោះ យើងសោត ក៏មានសទ្ធាដូច្នោះដែរ ទេវតាទាំងនោះ ប្រកបដោយសីលៈ សុតៈ ចាគៈ បញ្ញាយ៉ាងណា ច្យុតអំពីទីនេះហើយ ទៅកើតក្នុងទីនោះ យើងសោត ក៏មានបញ្ញាដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ សម័យណា អរិយសាវក កំពុងរឭកនូវសទ្ធា សីលៈ សុតៈ ចាគៈ និងបញ្ញារបស់ខ្លួនផង របស់ទេវតាទាំងនោះផង សម័យនោះ អរិយសាវកនោះ មិនមានចិត្តដែលរាគៈគ្របសង្កត់