អរិយសាវក ជាអ្នកប្រកបដោយសេចក្ដីជ្រះថ្លា មិនកម្រើកក្នុងព្រះធម៌ថា ព្រះបរិយត្តិធម៌ ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយដោយល្អ ជាធម៌ដែលបុគ្គល គប្បីឃើញច្បាស់ដោយខ្លួនឯង ជាធម៌ឲ្យនូវផលមិនរង់ចាំកាល ជាធម៌គួរដល់ឯហិបស្សវិធី ជាធម៌ដែលបុគ្គលគប្បីបង្អោនចូលមកទុកក្នុងខ្លួន ជាធម៌ដែលអ្នកប្រាជ្ញទាំងឡាយ គប្បីឃើញច្បាស់ក្នុងចិត្តនៃខ្លួន។ អរិយសាវក ជាអ្នកប្រកបដោយសេចក្ដីជ្រះថ្លា មិនកម្រើកក្នុងព្រះសង្ឃថា ព្រះសង្ឃសាវកនៃព្រះដ៏មានព្រះភាគ ប្រតិបត្តិដោយប្រពៃ ព្រះសង្ឃសាវកនៃព្រះដ៏មានព្រះភាគ ប្រតិបត្តិត្រង់ ព្រះសង្ឃសាវកនៃព្រះដ៏មានព្រះភាគ ប្រតិបត្តិដើម្បីត្រាស់ដឹងនូវព្រះនិព្វាន ព្រះសង្ឃសាវកនៃព្រះដ៏មានព្រះភាគ ប្រតិបត្តិសមគួរ គឺប្រតិបត្តិគួរដល់សីល សមាធិ បញ្ញា បុរសបុគ្គលណា បើរាប់ជាគូ បាន ៤ គូ បើរាប់រៀងជាបុរសបុគ្គល មាន ៨ ព្រះសង្ឃសាវករបស់ព្រះដ៏មានព្រះភាគនុ៎ះ លោកគួរទទួលនូវចតុប្បច្ច័យ ដែលបុគ្គលនាំមកបូជា គួរទទួលនូវអាគន្តុកទាន គួរទទួលនូវទក្ខិណាទាន គួរដល់អញ្ជលិកម្ម ជាបុញ្ញក្ខេត្តនៃសត្វលោក រកខេត្តដទៃក្រៃលែងជាងគ្មាន។ អរិយសាវកនោះ ប្រកបដោយសីល ជាទីត្រេកអររបស់ព្រះអរិយៈ ជាសីលមិនដាច់ មិនធ្លុះ មិនពព្រុស មិនពពាល