សញ្ញាមនសិការៈ ដែលប្រកបដោយឧបេក្ខាទាំងនោះ របស់ភិក្ខុនោះ ច្រួលច្រាល់ឡើង នោះជាអាពាធ របស់ភិក្ខុនោះ ក៏យ៉ាងនោះដែរ។ ម្នាលអាវុសោ អាពាធណា ដែលកើតឡើងហើយ អាពាធនុ៎ះ ព្រះដ៏មានព្រះភាគ ទ្រង់ពោលថាជាទុក្ខ។ ម្នាលអាវុសោ ព្រះនិព្វាន ដែលមានសេចក្ដីសុខយ៉ាងណានុ៎ះ គប្បីដឹងដោយបរិយាយនេះចុះ។ ម្នាលអាវុសោ មួយទៀត ភិក្ខុព្រោះកន្លងបង់នូវរូបសញ្ញា ដោយប្រការទាំងពួង ព្រោះវិនាសទៅនៃបដិឃសញ្ញា ព្រោះមិនបានធ្វើទុកក្នុងចិត្តនូវនានត្តសញ្ញា ហើយបានដល់នូវអាកាសានញ្ចាយតនជ្ឈាន ដោយធ្វើទុកក្នុងចិត្តថា អាកាសមិនមានទីបំផុតដូច្នេះ ម្នាលអាវុសោ កាលបើភិក្ខុនោះ កំពុងនៅដោយវិហារធម៌នេះហើយ សញ្ញាមនសិការៈ ដែលប្រកបដោយរូប ក៏ច្រួលច្រាល់ឡើង នោះជាអាពាធរបស់ភិក្ខុនោះ។ ម្នាលអាវុសោ ដូចសេចក្ដីទុក្ខ គប្បីកើតឡើង ដល់បុគ្គលដែលមានសេចក្ដីសុខជាហេតុឲ្យកើតអាពាធ យ៉ាងណាមិញ សញ្ញាមនសិការៈ ដែលប្រកបដោយរូបទាំងនោះ របស់ភិក្ខុនោះ ច្រួលច្រាល់ឡើង នោះជាអាពាធរបស់ភិក្ខុនោះ ក៏យ៉ាងនោះដែរ។ ម្នាលអាវុសោ អាពាធណា ដែលកើតឡើងហើយ អាពាធនុ៎ះ ព្រះដ៏មានព្រះភាគ ទ្រង់ពោលថាជាទុក្ខ។