ម្នាលភិក្ខុទាំងឡាយ ដូចមេគោ ត្រាច់ទៅលើភ្នំ ជាសត្វមានបញ្ញា ឈ្លាសវៃ ស្គាល់នូវខេត្ត ប្រសប់ ត្រាច់ទៅលើភ្នំ ដែលមិនស្មើ មេគោនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា បើដូច្នោះ គួរតែអាត្មាអញ ទៅកាន់ទិសដែលអញមិនធ្លាប់ទៅផង ទំពាស៊ីនូវស្មៅដែលអញមិនធ្លាប់ទំពាស៊ីផង ផឹកទឹកដែលអញមិនធ្លាប់ផឹកផង។ មេគោនោះ ឈរជើងមុខឲ្យស៊ប់ល្អហើយ លើកជើងខាងក្រោយឡើង មេគោនោះ ទើបគប្បីទៅកាន់ទិស ដែលខ្លួនមិនធ្លាប់ទៅបានផង ទំពាស៊ីនូវស្មៅដែលខ្លួនមិនធ្លាប់ទំពាស៊ីបានផង ផឹកទឹកដែលខ្លួនមិនធ្លាប់ផឹកបានផង កាលបើមេគោនោះ ឈរក្នុងប្រទេសណា មេគោនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា បើដូច្នោះ គួរតែអាត្មាអញ ទៅកាន់ទិសដែលអញមិនធ្លាប់ទៅផង ទំពាស៊ីស្មៅដែលអញមិនធ្លាប់ទំពាស៊ីផង ផឹកទឹកដែលអញមិនធ្លាប់ផឹកផង។ មេគោនោះ គប្បីត្រឡប់មកកាន់ប្រទេសនោះវិញដោយសួស្ដី។ រឿងនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា មេគោនោះ ត្រាច់ទៅកាន់ភ្នំ ជាសត្វមានបញ្ញាឈ្លាសវៃ ស្គាល់នូវខេត្ត ប្រសប់ ត្រាច់ទៅលើភ្នំដែលមិនស្មើ យ៉ាងណាមិញ។