ម្នាលព្រាហ្មណ៍ទាំងឡាយ កាមគុណ ៥ ប្រការនេះ តថាគត ហៅថាលោក លោកក្នុងអរិយវិន័យ។ កាមគុណ ៥ ប្រការនោះ តើដូចម្ដេចខ្លះ។ រូបទាំងឡាយ ដែលគប្បីដឹងបានដោយចក្ខុ ជាទីប្រាថ្នា ត្រេកអរ ពេញចិត្ត មានសភាពជាទីស្រឡាញ់ ប្រកបដោយកាមជាទីគាប់ចិត្ត ១ សំឡេងទាំងឡាយ ដែលគប្បីដឹងដោយត្រចៀក ១។បេ។ ក្លិនទាំងឡាយ ដែលគប្បីដឹងដោយច្រមុះ ១ រសទាំងឡាយ ដែលគប្បីដឹងដោយអណ្ដាត ១ ផោដ្ឋព្វៈទាំងឡាយ ដែលគប្បីដឹងដោយកាយ ជាទីប្រាថ្នា ត្រេកអរ ពេញចិត្ត មានសភាពជាទីស្រឡាញ់ ប្រកបដោយកាមជាទីគាប់ចិត្ត ១។ ម្នាលព្រាហ្មណ៍ទាំងឡាយ កាមគុណ ៥ ប្រការនេះឯង តថាគតហៅថាលោក លោកក្នុងអរិយវិន័យ។
ម្នាលព្រាហ្មណ៍ទាំងឡាយ ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ហើយបានដល់បឋមជ្ឈាន ដែលប្រកបដោយវិតក្កៈ និងវិចារៈ មានបីតិ និងសុខៈដែលកើតអំពីសេចក្ដីស្ងប់ស្ងាត់។ ម្នាលព្រាហ្មណ៍ទាំងឡាយ ភិក្ខុនេះ តថាគតហៅថា បានដល់ទីបំផុតនៃលោក ឋិតនៅក្នុងទីបំផុតនៃលោក។