គ្រានោះ ព្រះដ៏មានព្រះភាគ ចេញអំពីទីពួនសម្ងំ ក្នុងសាយណ្ហសម័យ ចូលទៅឧបដ្ឋានសាលា លុះស្តេចចូលទៅដល់ហើយ ក៏ប្រថាប់នៅទៀបក្លោងទ្វារខាងក្រៅ រង់ចាំចប់កថា។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ជ្រាបច្បាស់ថា ចប់កថាហើយ ក៏គ្រហែម ហើយគោះសន្ទះទ្វារ។ ពួកភិក្ខុទាំងនោះ ក៏បើកទ្វារថ្វាយព្រះដ៏មានព្រះភាគ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ស្តេចចូលទៅក្នុងឧបដ្ឋានសាលាហើយ ទ្រង់គង់លើអាសនៈ ដែលគេក្រាលថ្វាយ។ លុះព្រះដ៏មានព្រះភាគ គង់ហើយ ទ្រង់ត្រាស់នឹងព្រះនន្ទកៈដ៏មានអាយុថា នែនន្ទកៈ ធម្មបរិយាយរបស់អ្នកនេះ វែងពេកណាស់ ប្រាកដដល់ភិក្ខុទាំងឡាយហើយ ប៉ុនអម្បាលតថាគត ឈរទៀបក្លោងទ្វារខាងក្រៅ រង់ចាំទំរាំតែចប់កថា ទាល់តែរោយខ្នង។ កាលបើព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ព្រះនន្ទកៈដ៏មានអាយុ ក៏អៀនអន់ ខ្លាច បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំមិនដឹងជាព្រះដ៏មានព្រះភាគ ទ្រង់ប្រថាប់នៅទៀបក្លោងទ្វារខាងក្រៅទេ បពិត្រព្រះអង្គដ៏ចំរើន បើប្រសិនជាខ្ញុំព្រះអង្គដឹងថា ព្រះដ៏មានព្រះភាគ ទ្រង់សណ្ឋិតនៅទៀបក្លោងទ្វារខាងក្រៅដូច្នេះ ខ្ញុំព្រះអង្គ ក៏មិនគប្បីសំដែងនូវពាក្យមានប្រមាណប៉ុណ្ណេះទេ។