លំដាប់នោះ តបុស្សគហបតី បានចូលទៅរកព្រះអានន្ទដ៏មានអាយុ លុះចូលទៅដល់ ថ្វាយបង្គំព្រះអានន្ទដ៏មានអាយុ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះតបុស្សគហបតី អង្គុយក្នុងទីសមគួរហើយ បានទូលសួរព្រះអានន្ទដ៏មានអាយុដូច្នេះថា បពិត្រព្រះអានន្ទដ៏ចំរើន យើងជាគ្រហស្ថ ជាអ្នកបរិភោគកាម មានកាមជាគ្រឿងត្រេកអរ ត្រេកអរក្នុងកាម រីករាយក្នុងកាម បពិត្រលោកម្ចាស់ដ៏ចំរើន នេក្ខម្មៈ គឺបព្វជ្ជា យើងជាគ្រហស្ថ ជាអ្នកបរិភោគកាម មានកាមជាគ្រឿងត្រេកអរ ត្រេកអរក្នុងកាម រីករាយក្នុងកាម យល់ឃើញប្រាកដថា ដូចជាជ្រោះធំ បពិត្រលោកម្ចាស់ដ៏ចំរើន យើងខ្ញុំបានឮថា ពួកភិក្ខុកម្លោះ ៗ ក្នុងធម្មវិន័យនេះ ដែលយល់ឃើញថា នេក្ខម្មៈ គឺបព្វជ្ជានុ៎ះ ជាធម្មជាតស្ងប់ដូច្នេះ ចិត្តក៏ស្ទុះទៅ ជ្រះថ្លា តាំងនៅ ចុះស៊ប់ក្នុងនេក្ខម្មៈ គឺបព្វជ្ជា បពិត្រលោកដ៏ចំរើន នេក្ខម្មៈ គឺបព្វជ្ជា ដែលជារបស់ពួកភិក្ខុក្នុងធម្មវិន័យនេះ ជាទំនាស់នឹងជន (ជាគ្រហស្ថ) ច្រើនគ្នា។
