ម្នាលអានន្ទ តថាគតមានសេចក្ដីត្រិះរិះដូច្នេះថា បើដូច្នោះ គួរតែអញកន្លងបង់នូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង ហើយចូលកាន់នេវសញ្ញានាសញ្ញាយតនជ្ឈាន។ ម្នាលអានន្ទ កាលតថាគត យល់ឃើញថា នេវសញ្ញានាសញ្ញាយតនជ្ឈាននុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តក៏មិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុងនេវសញ្ញានាសញ្ញាយតនជ្ឈានឡើយ ម្នាលអានន្ទ ទើបតថាគតមានសេចក្ដីងឿងឆ្ងល់ដូច្នេះថា ចុះហេតុអ្វី បច្ច័យអ្វី បានជាកាលអញយល់ឃើញថា នេវសញ្ញានាសញ្ញាយតនជ្ឈាននុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តក៏មិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុងនេវសញ្ញានាសញ្ញាយតនជ្ឈាន ម្នាលអានន្ទ តថាគតមានសេចក្ដីយល់ឃើញដូច្នេះថា ឱ ទោស ក្នុងអាកិញ្ចញ្ញាយតនជ្ឈាន អញមិនទាន់ឃើញ ទាំងទោសនោះ អញមិនទាន់ធ្វើឲ្យច្រើន អានិសង្សក្នុងនេវសញ្ញានាសញ្ញាយតនជ្ឈាន អញមិនទាន់បាន ទាំងអានិសង្សនោះ អញមិនទាន់សេពគប់ទេតើ បានជាកាលអញ យល់ឃើញថា នេវសញ្ញានាសញ្ញាយតនជ្ឈាននុ៎ះ ជារបស់ស្ងប់ដូច្នេះហើយ ចិត្តក៏នៅតែមិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ក្នុងនេវសញ្ញានាសញ្ញាយតនជ្ឈាន