ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាអ្នកមានបញ្ញា ប្រកបដោយបញ្ញា ដែលអាចកំណត់ នូវការកើតឡើង និងការវិនាសទៅ (នៃខន្ធបព្ចាកៈ) ជាគ្រឿងទំលាយនូវកិលេសដ៏ប្រសើរ ជាធម្មជាតិដល់នូវកិរិយាអស់ទៅនៃទុក្ខដោយប្រពៃ។ ម្នាលអាវុសោទាំងឡាយ នេះជាហេតុនៃសេចក្តីចំរើន នូវពួកធម៌ជាចំណែកនៃការត្រាស់ដឹង ទី៥។ ម្នាលភិក្ខុទាំងឡាយ ហេតុនេះរមែងកើតប្រាកដ ដល់ភិក្ខុអ្នកមានមិត្រល្អ មានសំឡាញ់ល្អ សមគប់នឹងមិត្រល្អ គឺភិក្ខុនោះ នឹងបានជាអ្នកមានសីល សង្រួមក្នុងបាតិមោក្ខសំវរៈ បរិបូណ៌ដោយអាចារៈ និងគោចរៈ ជាអ្នកឃើញភ័យក្នុងទោសទាំងឡាយ សូម្បីបន្តិចបន្តួច សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ ។ ម្នាលភិក្ខុទាំងឡាយ ហេតុនេះរមែងកើតប្រាកដ ដល់ភិក្ខុអ្នកមានមិត្រល្អ មានសំឡាញ់ល្អ សមគប់នឹងមិត្រល្អ គឺភិក្ខុនោះ នឹងបានជាអ្នកបានតាមប្រាថ្នា បានដោយមិនលំបាក បានដោយងាយនូវកថា មានសភាពយ៉ាងនេះ ដែលជាកថាផូរផង់ ជាទីសប្បាយ ទូលាយចិត្ត គឺអប្បិច្ឆកថា សន្តុដ្ឋិកថា បវិវេកកថា អសំសគ្គកថា វីរិយារម្ភកថា សីលកថា សមាធិកថា បញ្ញាកថា វិមុត្តិកថា វិមុត្តិញ្ញាណទស្សនកថា។