បពិត្រព្រះអង្គដ៏ចំរើន ព្រះសារីបុត្តដ៏មានអាយុ បានប៉ះ(១) ខ្ញុំព្រះអង្គ មិនបានខមាទោស ហើយចៀសចេញទៅកាន់ចារិក។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ត្រាស់ហៅភិក្ខុ ១ រូបមកថា ម្នាលភិក្ខុ អ្នកចូរមកអាយ ចូរទៅហៅសារីបុត្ត តាមពាក្យតថាគតថា ម្នាលអាវុសោសារីបុត្ត ព្រះសាស្តាទ្រង់ត្រាស់ហៅលោក។ ភិក្ខុនោះ ទទួលព្រះពុទ្ធដីកា នៃព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ ហើយក៏ចូលទៅរកព្រះសារីបុត្តដ៏មានអាយុ លុះចូលទៅដល់ហើយ បាននិយាយនឹងព្រះសារីបុត្តដ៏មានអាយុ ដូច្នេះថា ម្នាលអាវុសោសារីបុត្ត ព្រះសាស្តា ទ្រង់ត្រាស់ហៅលោក។ ព្រះសារីបុត្តដ៏មានអាយុ ទទួលពាក្យភិក្ខុនោះថា ករុណា អាវុសោ។ សម័យនោះឯង ព្រះមហាមោគ្គល្លានដ៏មានអាយុ និងព្រះអានន្ទដ៏មានអាយុ កាន់យកនូវកូនសោ ដើរចូលទៅកាន់វិហារ ហើយនិយាយថា លោកដ៏មានអាយុទាំងឡាយ ចូរទៅឆាប់ លោកដ៏មានអាយុ ទាំងឡាយ ចូរទៅឆាប់
(១) មានដំណាលថា កាលព្រះសារីបុត្តថ្វាយបង្គំលាព្រះទសពលញ្ញាណ ហើយថយចេញពីទីនោះទៅ ជាយចីវរលោក ក៏បក់ទៅប៉ះសរីរៈភិក្ខុនោះបន្តិច ព្រោះហេតុនោះ បានជាភិក្ខុនោះចងគំនុំ លុះឃើញព្រះសារីបុត្ត ភិក្ខុបរិវារចោមរោមច្រើន ក៏យកសេចក្តីនេះ ក្រាបបង្គំទូលព្រះ ដើម្បីធ្វើឲ្យអាក់ខានដំណើរនោះ ដោយសេចក្តីក្រោធ។ អដ្ឋកថា។