ខ្ញុំ​ព្រះអង្គ​ណា​ ​និយាយ​បង្កាច់​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​ដោយ​ពាក្យ​មិនមែន​ ​ជា​ពាក្យ​ទទេ​ ​ជា​ពាក្យ​កុហក​ ​មិន​ពិត​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​អត់ទោស​តាម​ទោស​ ​ដល់​ខ្ញុំ​ព្រះអង្គ​នោះ​ ​ដើម្បី​សង្រួម​តទៅ​។​ ​ម្នាល​ភិក្ខុ​ ​អើ​ទោសកំហុស​ ​ដែល​ប្រព្រឹត្ត​កន្លង​នូវ​អ្នក​ ​ព្រោះ​ជា​មនុស្ស​ពាល​ ​ជា​មនុស្ស​ល្ងង់​ ​ជា​មនុស្ស​មិន​ឈ្លាស​យ៉ាងណា​ ​អ្នកពោល​បង្កាច់​សារីបុត្ត​ ​ដោយ​ពាក្យ​មិនមែន​ ​ជា​ពាក្យ​ទទេ​ ​កុហក​ ​មិន​ពិត​ ​ម្នាល​ភិក្ខុ​ ​កាលណាបើ​អ្នក​ឃើញ​ទោស​តាម​ទោស​ ​ដែល​ប្រព្រឹត្ត​កន្លង​ហើយ​ ​ត្រឡប់​ធ្វើឲ្យ​ត្រូវ​តាម​ធម៌​វិញ​ ​តថាគត​ ​ក៏​អត់ទោស​អ្នក​ ​បើ​បុគ្គល​ណា​ ​ឃើញ​ទោស​តាម​ទោស​ ​ដែល​ប្រព្រឹត្ត​កន្លង​ ​ហើយ​ ​ត្រឡប់​ធ្វើឲ្យ​ត្រូវ​តាម​ធម៌​វិញ​ ​ដល់​នូវ​ការ​សង្រួម​តទៅ​ ​ម្នាល​ភិក្ខុ​ ​នេះ​ជា​សេចក្តី​ចំរើន​ ​ក្នុង​វិន័យ​របស់​ព្រះ​អរិយៈ​។​ ​លំដាប់នោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ហៅ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ថា​ ​ម្នាល​សារីបុត្ត​ ​លោក​ចូរ​អត់ទោស​ដល់​មោឃបុរស​នេះ​ចុះ​ ​ដ្បិត​មោឃបុរស​នេះ​ ​នឹង​បែកក្បាល​ជា​ ​៧​ ​ភាគ​ ​ក្នុង​ទីនោះ​ឯង​។​ ​ព្រះ​សារីបុត្ត​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​អត់ទោស​ដល់​លោក​ដ៏​មាន​អាយុ​នោះ​ ​បើ​លោក​ដ៏​មាន​អាយុ​នោះ​ ​និយាយ​នឹង​ខ្ញុំ​ព្រះអង្គ​យ៉ាងនេះ​ ​សូម​លោក​ដ៏​មាន​អាយុ​នោះ​ ​អត់ទោស​ដល់​ខ្ញុំ​ព្រះអង្គ​វិញ​។​
ថយ | ទំព័រទី ៥២ | បន្ទាប់