នឹងដឹងនូវអនុបាទិសេសបុគ្គល ថាជាអនុបាទិសេសបុគ្គលក្តី។ ម្នាលសារីបុត្ត បុគ្គលជាសឧបាទិសេសនេះ មាន ៩ ពួក កាលធ្វើមរណកាលទៅ តែងផុតចាកនរក ផុតចាកកំណើតតិរច្ឆាន ផុតចាកបិត្តិវិស័យ ផុតចាកអបាយ ទុគ្គតិ និងវិនិបាត។ បុគ្គល ៩ ពួក ដូចម្តេចខ្លះ។ ម្នាលសារីបុត្ត បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកធ្វើឲ្យបរិបូណ៌ក្នុងសីល ធ្វើឲ្យបរិបូណ៌ក្នុងសមាធិ តែធ្វើឲ្យល្មមប្រមាណក្នុងបញ្ញា បុគ្គលនោះ ជាអន្តរាបរិនិព្វាយី ព្រោះអស់សំយោជនៈ ជាចំណែកខាងក្រោម ៥។ ម្នាលសារីបុត្ត នេះជាសឧបាទិសេសបុគ្គល ទី១ កាលធ្វើមរណកាលទៅ ផុតចាកនរក ផុតចាកកំណើតតិរច្ឆាន ផុតចាកបិត្តិវិស័យ ផុតចាកអបាយ ទុគ្គតិ និងវិនិបាតហើយ។ ម្នាលសារីបុត្ត មួយទៀត បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកធ្វើឲ្យបរិបូណ៌ក្នុងសីល ធ្វើឲ្យបរិបូណ៌ក្នុងសមាធិ តែធ្វើឲ្យល្មមប្រមាណក្នុងបញ្ញា