បុគ្គលនោះ ជាឧបហច្ចបរិនិព្វាយី ជាអសង្ខារបរិនិព្វាយី ជាសសង្ខារបរិនិព្វាយី ជាឧទ្ធំសោតអកនិដ្ឋគាមី ព្រោះអស់ទៅនៃសំយោជនៈ ជាចំណែកខាងក្រោម ៥។ ម្នាលសារីបុត្ត នេះជាសឧបាទិសេសបុគ្គល ទី៥ កាលធ្វើមរណកាលទៅ ផុតចាកនរក ផុតចាកកំណើតតិរច្ឆាន ផុតចាកបិត្តិវិស័យ ផុតចាកអបាយ ទុគ្គតិ និងវិនិបាតហើយ។ ម្នាលសារីបុត្ត មួយទៀត បុគ្គលខ្លះ ក្នុងលោកនេះ ធ្វើឲ្យបរិបូណ៌ក្នុងសីល តែធ្វើឲ្យល្មមប្រមាណក្នុងសមាធិ ធ្វើឲ្យល្មមប្រមាណក្នុងបញ្ញា បុគ្គលនោះ ជាសកទាគាមី ព្រោះអស់សំយោជនៈ ៣ ព្រោះមានរាគៈ ទោសៈ មោហៈ ស្រាលស្តើង មកកាន់មនុស្សលោកនេះម្តងទៀត ទើបធ្វើទីបំផុតទុក្ខបាន។ ម្នាលសារីបុត្ត នេះជាសឧបាទិសេសបុគ្គល ទី៦ កាលធ្វើមរណកាលទៅ ផុតចាកនរក។បេ។ ផុតចាកអបាយ ទុគ្គតិ និងវិនិបាតហើយ។ ម្នាលសារីបុត្ត មួយទៀត បុគ្គលខ្លះ ក្នុងលោកនេះ ធ្វើឲ្យបរិបូណ៌ក្នុងសីល តែធ្វើឲ្យល្មមប្រមាណក្នុងសមាធិ ធ្វើឲ្យល្មមប្រមាណក្នុងបញ្ញា