[១៣] គ្រានោះ ព្រះមហាកោដ្ឋិតៈដ៏មានអាយុ ចូលទៅរកព្រះសារីបុត្តដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយជាមួយនឹងព្រះសារីបុត្តដ៏មានអាយុ លុះបព្ចាប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះព្រះមហាកោដ្ឋិតៈដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ បានសួរព្រះសារីបុត្តដ៏មានអាយុដូច្នេះថា ម្នាលអាវុសោសារីបុត្ត ចុះបុគ្គលប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់ព្រះដ៏មានព្រះភាគ ដើម្បីប្រយោជន៍ដល់ហេតុនេះថា កម្មណាដែលឲ្យផលក្នុងបច្ចុប្បន្ន សូមឲ្យកម្មនោះ ឲ្យផលក្នុងបរលោកដល់អាត្មាអញវិញ បានឬ។ ម្នាលអាវុសោ មិនបានទេ។ ម្នាលអាវុសោសារីបុត្ត ចុះបុគ្គលប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់ព្រះដ៏មានព្រះភាគ ដើម្បីប្រយោជន៍ដល់ហេតុនេះថា កម្មណាឲ្យផលក្នុងបរលោក សូមឲ្យកម្មនោះឲ្យផលក្នុងបច្ចុប្បន្នដល់អាត្មាអញវិញ បានដែរឬ។ ម្នាលអាវុសោ មិនបានទេ។