[១៩] ម្នាលភិក្ខុទាំងឡាយ ក្នុងវេលាយប់នេះ ពួកទេវតាជាច្រើន កាលដែលរាត្រី បឋមយាម កន្លងទៅហើយ មានរស្មីដ៏រុងរឿង ញុំាងវត្តជេតពតទាំងអស់ ឲ្យភ្លឺច្បាស់ ចូលមករកតថាគត លុះចូលមកដល់ហើយ ក៏ថ្វាយបង្គំតថាគត ហើយឋិតនៅក្នុងទី សមគួរ។ ម្នាលភិក្ខុទាំងឡាយ លុះពួកទេវតាទាំងនោះ ឋិតនៅក្នុងទីសមគួរហើយ បានពោលនឹងតថាគតដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ពួកបព្វជិតបានមកកាន់ផ្ទះយើងខ្ញុំព្រះអង្គ កាលដែលកើតជាមនុស្ស ក្នុងកាលមុន បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំព្រះអង្គទាំងនោះ បានក្រោកទទួលហើយ តែមិនបានថ្វាយបង្គំ បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំព្រះអង្គទាំងនោះ ជាអ្នកមានបុញ្ញកម្ម មិនបរិបូណ៌ គួរឲ្យមានសេចក្តីស្តាយ ក្តៅក្រហាយ ជាខាងក្រោយ ទើបបានទៅកើត ក្នុងពួកថោកទាប។ ម្នាលភិក្ខុទាំងឡាយ ពួកទេវតាជា ច្រើនពួកទៀត ចូលមករកតថាគត ហើយពោលដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ពួកបព្វជិត ចូលមកកាន់ផ្ទះរបស់យើងខ្ញុំព្រះអង្គ កាលដែលកើតជាមនុស្ស ក្នុងកាលមុន យើងខ្ញុំព្រះអង្គទាំងនោះ បានក្រោកទទួលផង បានថ្វាយបង្គំផងហើយ តែមិនបានប្រគេនអាសនៈ បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំព្រះអង្គទាំងនោះ ជាអ្នកមានបុញ្ញកម្ម មិនបរិបូណ៌ មានសេចក្តីស្តាយ ក្តៅក្រហាយជាខាងក្រោយ