ម្នាលភិក្ខុទាំងឡាយ ពួកទេវតាជាច្រើនផ្សេងទៀត ចូលមករកតថាគត ហើយពោលដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ពួកបព្វជិត ចូលមកកាន់ផ្ទះរបស់យើងខ្ញុំព្រះអង្គ កាលដែលកើតជាមនុស្ស ក្នុងកាលមុន យើងខ្ញុំព្រះអង្គទាំងនោះ បានក្រោកទទួលផង បានថ្វាយបង្គំផង បានប្រគេនអាសនៈផង បានចាត់ចែង តាមសមគួរដល់យសសក្តិ តាមសមគួរដល់កំឡាំងផង ចូលទៅអង្គុយជិតស្តាប់ធម៌ផង ផ្ចង់ត្រចៀកស្តាប់ធម៌ផង ស្តាប់ធម៌ហើយ បានចាំទុកផង បានពិចារណាសេចក្តីនៃធម៌ដែលចាំទុកផង យល់អត្ថ យល់ធម៌ ហើយប្រតិបត្តិធម៌ តាមសមគួរដល់ធម៌ផង បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំព្រះអង្គទាំងនោះ ជាអ្នកមានបុញ្ញកម្មបរិបូណ៌ មិនមានសេចក្តីស្តាយ ក្តៅក្រហាយខាងក្រោយ ទើបបានទៅកើត ក្នុងពួកខ្ពង់ខ្ពស់។ ម្នាលភិក្ខុទាំងឡាយ នុ៎ះជារុក្ខមូល នុ៎ះជាសុញ្ញាគារដ្ឋាន ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរចំរើនឈាន ចូរកុំប្រមាទ ចូរកុំមានសេចក្តីស្តាយ ក្នុងកាលខាងក្រោយ ដូចជាពួកទេវតាមុននោះឡើយ។