បពិត្រព្រះអង្គដ៏ចំរើន លំដាប់នោះ ពួកយើងខ្ញុំ ក៏បានចូលទៅឯអារាមរបស់ពួកបរិព្វាជក ជាអន្យតិរ្ថិយ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងពួកបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ។ បពិត្រព្រះអង្គដ៏ចំរើន លុះពួកយើងខ្ញុំ អង្គុយក្នុងទីសមគួរហើយ ពួកបរិព្វាជក ជាអន្យតិរ្ថិយ បាននិយាយពាក្យដូច្នេះថា ម្នាលអាវុសោទាំងឡាយ សមណគោតម តែងសំដែងធម៌ដល់ពួកសាវកយ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរចូលមកនេះ អ្នកទាំងឡាយ ចូរដឹងច្បាស់នូវធម៌ទាំងពួង អ្នកទាំងឡាយ ចូរត្រាស់ដឹងរឿយ ៗ នូវធម៌ទាំងពួង។ ម្នាលអាវុសោទាំងឡាយ ពួកយើងក៏សំដែងធម៌ដល់ពួកសាវក យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ អ្នកទាំងឡាយ ចូរចូលមកនេះ អ្នកទាំងឡាយ ចូរដឹងច្បាស់នូវធម៌ទាំងពួង អ្នកទាំងឡាយ ចូរត្រាស់ដឹងរឿយ ៗ នូវធម៌ទាំងពួងដែរ។