ក្នុងទីនោះឯង ព្រះសារីបុត្តដ៏មានអាយុ ហៅភិក្ខុទាំងឡាយថា ម្នាលអាវុសោភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយនោះ ទទួលស្តាប់ពាក្យព្រះសារីបុត្តដ៏មានអាយុថា ករុណា អាវុសោ។ ព្រះសារីបុត្តដ៏មានអាយុ បានពោលពាក្យនេះថា ម្នាលអាវុសោទាំងឡាយ សទ្ធាក្នុងកុសលធម៌ទាំងឡាយ របស់បុគ្គលណានីមួយ មិនមាន ហិរិ មិនមាន... ឱត្តប្បៈ មិនមាន... វីរិយៈ មិនមាន... បញ្ញា មិនមាន... ការផ្ចង់ដើម្បីស្តាប់ មិនមាន ... ការទ្រទ្រង់ធម៌ មិនមាន... ការពិចារណាអត្ថ មិនមាន... ការប្រតិបត្តិធម៌ សមគួរតាមធម៌ មិនមាន... សេចក្តីមិនប្រមាទក្នុងកុសលធម៌ទាំងឡាយ មិនមាន យប់ និងថ្ងៃរបស់បុគ្គលនោះ មកដល់ សេចក្តីសាបសូន្យ ក្នុងកុសលធម៌ទាំងឡាយ រមែងប្រាកដ សេចក្តីចំរើន មិនប្រាកដឡើយ។ ម្នាលអាវុសោទាំងឡាយ ដូចជាយប់ និងថ្ងៃ របស់ព្រះចន្ទក្នុងកាឡបក្ខមកដល់ ព្រះចន្ទនោះ រមែងបាត់ចាកពណ៌ បាត់ចាកមណ្ឌល បាត់ចាករស្មី បាត់ចាកកំពស់ និងទំហំ យ៉ាងណាមិញ ម្នាលអាវុសោទាំងឡាយ សទ្ធាក្នុងកុសលធម៌ទាំងឡាយ របស់បុគ្គលណានីមួយ មិនមាន ហិរិ មិនមាន...