ម្នាលសារីបុត្ត ភិក្ខុជាខីណាស្រព ប្រកបដោយកំឡាំងទាំងឡាយណា រមែងប្តេជ្ញានូវការអស់ទៅនៃអាសវៈថា អាសវៈរបស់អាត្មាអញអស់ហើយ កំឡាំងរបស់ភិក្ខុ ជាខីណាស្រពនោះ តើមានប៉ុន្មាន។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុជាខីណាស្រព ប្រកបដោយកំឡាំងទាំងឡាយណា រមែងប្តេជ្ញានូវការអស់ទៅនៃអាសវៈថា អាសវៈរបស់អាត្មាអញ អស់ហើយ កំឡាំងរបស់ភិក្ខុ ជាខីណាស្រពនោះ មាន ១០ យ៉ាង។ កំឡាំង ១០ យ៉ាង តើដូចម្តេចខ្លះ។ បពិត្រព្រះអង្គដ៏ចំរើន គឺភិក្ខុជាខីណាស្រព ក្នុងសាសនានេះ ពិចារណាឃើញច្បាស់នូវសង្ខារទាំងពួង ដោយសេចក្តីថា មិនទៀង ដោយបញ្ញាដ៏ប្រពៃតាមពិត។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុជាខីណាស្រព ពិចារណាឃើញច្បាស់នូវសង្ខារទាំងពួង ដោយសេចក្តីថា មិនទៀង ដោយបញ្ញាដ៏ប្រពៃតាមពិត ដោយហេតុណា បពិត្រព្រះអង្គដ៏ចំរើន នេះឯងចាត់ជាកំឡាំងរបស់ភិក្ខុជាខីណាស្រព ដែលនាំឲ្យភិក្ខុជាខីណាស្រព អាស្រ័យនូវកំឡាំងហើយ ទើបប្តេជ្ញា នូវការអស់ទៅនៃអាសវៈទាំងឡាយថា អាសវៈរបស់អាត្មាអញ អស់ហើយ ១។