ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាពហុស្សូត។បេ។ បានចាក់ធ្លុះល្អដោយទិដ្ឋិ ព្រោះធម៌ណា នេះឯង ជានាថករណធម៌ ១។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុមានមិត្តល្អ មានសំឡាញ់ល្អ ជាអ្នកពត់ខ្លួនតាមមិត្តសំឡាញ់ល្អ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានមិត្តល្អ មានសំឡាញ់ល្អ ជាអ្នកងាកចិត្តទៅតាមមិត្តសំឡាញ់ល្អ ព្រោះធម៌ណា នេះឯង ជានាថករណធម៌ ១។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាអ្នកប្រដៅងាយ ប្រកបដោយធម៌ទាំងឡាយ ជាគ្រឿងធ្វើឲ្យប្រដៅងាយ ជាអ្នកអត់ធន់ ទទួលយកនូវពាក្យប្រៀនប្រដៅ ដោយផ្ចិតផ្ចង់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកដែលគេប្រដៅងាយ ជាអ្នកអត់ធន់ ទទួលយកនូវពាក្យប្រៀនប្រដៅ ដោយផ្ចិតផ្ចង់ ព្រោះធម៌ណា នេះឯង ជានាថករណធម៌ ១។ ម្នាលភិក្ខុទាំងឡាយ មួយទៀត អំពើណា ដ៏ខ្ពស់ និងទាប ដែលពួកសព្រហ្មចារីបុគ្គល ត្រូវសួរគ្នីគ្នាហើយ ទើបធ្វើ ភិក្ខុជាអ្នកឈ្លាសវៃ មិនខ្ជិលច្រអូស ក្នុងអំពើនោះ ប្រកបដោយការពិចារណា ដោយឧបាយក្នុងអំពើនោះថា គួរធ្វើ គួរចាត់ចែងបាន។