ម្នាលភិក្ខុទាំងឡាយ សភាវៈមិនមែនធម៌ និងធម៌ ភិក្ខុគប្បីដឹង សភាវៈមិនមែនប្រយោជន៍ និងប្រយោជន៍ ក៏ភិក្ខុគប្បីដឹង លុះបានដឹងនូវសភាវៈមិនមែនធម៌ និងធម៌ បានដឹងនូវសភាវៈមិនមែនប្រយោជន៍ និងប្រយោជន៍ ធម៌យ៉ាងណា ប្រយោជន៍យ៉ាងណា គប្បីប្រតិបត្តិតាមយ៉ាងនោះចុះ។ ភិក្ខុអង្គណាហ្ន៎ គប្បីចែករលែក នូវអត្ថនៃឧទ្ទេសនេះ ដែលព្រះមានព្រះភាគទ្រង់សំដែងហើយដោយសង្ខេប មិនចែករលែកនូវអត្ថដោយពិស្តារ ឲ្យពិស្តារបាន។ គ្រានោះឯង ភិក្ខុទាំងនោះ មានសេចក្តីត្រិះរិះដូច្នេះថា ព្រះមហាកច្ចានៈដ៏មានអាយុអង្គនេះ ព្រះសាស្តាទ្រង់សរសើរហើយ ទាំងពួកសព្រហ្មចារីបុគ្គល ជាអ្នកប្រាជ្ញ ក៏សរសើរហើយដែរ មានតែព្រះមហាកច្ចានៈដ៏មានអាយុ ទើបអាចចែករលែក នូវអត្ថនៃឧទ្ទេសនេះ ដែលព្រះមានព្រះភាគ ទ្រង់សំដែងហើយ ដោយសង្ខេប មិនបានចែករលែកនូវអត្ថ ដោយពិស្តារ ឲ្យពិស្តារបាន បើដូច្នោះ គួរតែយើងទាំងអស់គ្នា ចូរទៅរកព្រះមហាកច្ចានៈដ៏មានអាយុ លុះចូលទៅដល់ហើយ គប្បីសាកសួរនូវសេចក្តីនុ៎ះ នឹងព្រះមហាកច្ចានៈដ៏មានអាយុ ព្រះមហាកច្ចានៈដ៏មានអាយុ នឹងព្យាករដល់យើងទាំងឡាយយ៉ាងណា យើងទាំងអស់គ្នា នឹងចាំទុកនូវរឿងនុ៎ះ យ៉ាងនោះ។