ម្នាលអាវុសោទាំងឡាយ ព្រះមានព្រះភាគ ទ្រង់សំដែងឡើងនូវឧទ្ទេសនេះឯង ដោយសេចក្តីសង្ខេប មិនចែករលែកនូវអត្ថ ដោយសេចក្តីពិស្តារ ដល់យើងទាំងឡាយសោះ ក៏ស្រាប់តែក្រោកចាកអាសនៈ ហើយយាងចូលទៅកាន់វិហារថា ម្នាលភិក្ខុទាំងឡាយ សភាវៈមិនមែនធម៌ និងធម៌ ភិក្ខុគប្បីដឹង សភាវៈមិនមែនប្រយោជន៍ និងប្រយោជន៍ ភិក្ខុគប្បីដឹង (ទាំងអស់) លុះបានដឹងនូវសភាវៈមិនមែនជាធម៌ និងធម៌ផង បានដឹងនូវសភាវៈមិនមែនជាប្រយោជន៍ និងប្រយោជន៍ផងហើយ ធម៌ យ៉ាងណា ប្រយោជន៍ យ៉ាងណា គប្បីប្រតិបត្តិតាមយ៉ាងនោះចុះ។ ភិក្ខុអង្គណាហ្ន៎ គប្បីចែករលែក នូវអត្ថនៃឧទ្ទេសនេះ ដែលព្រះមានព្រះភាគ ទ្រង់សំដែងឡើងហើយ ដោយសង្ខេប មិនបានចែករលែកនូវអត្ថ ដោយពិស្តារ ឲ្យពិស្តារបាន។ ម្នាលអាវុសោ កាលពួកយើងទាំងនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា ព្រះមហាកច្ចានៈដ៏មានអាយុ អង្គនេះឯង ព្រះសាស្តាទ្រង់សរសើរហើយ ទាំងពួកសព្រហ្មចារីបុគ្គល ជាអ្នកប្រាជ្ញ ក៏សរសើរហើយដែរ