មានតែព្រះមហាកច្ចានៈដ៏មានអាយុ ទើបអាចចែករលែក នូវអត្ថនៃឧទ្ទេសនេះ ដែលព្រះមានព្រះភាគ ទ្រង់សំដែងឡើងហើយ ដោយសង្ខេប មិនចែករលែកនូវអត្ថដោយពិស្តារ ឲ្យពិស្តារបាន បើដូច្នោះ គួរតែយើងទាំងអស់គ្នា ចូលទៅរកព្រះមហាកច្ចានៈដ៏មានអាយុ លុះចូលទៅដល់ហើយ គប្បីសួរនូវសេចក្តីនុ៎ះ នឹងព្រះមហាកច្ចានៈដ៏មានអាយុ ព្រះមហាកច្ចានៈដ៏មានអាយុ នឹងព្យាករដល់យើងទាំងឡាយ យ៉ាងណា យើងទាំងអស់គ្នា នឹងចាំនូវសេចក្តីនុ៎ះយ៉ាងនោះ សូមព្រះមហាកច្ចានៈដ៏មានអាយុ ចែករលែក (នូវសេចក្តីនុ៎ះ)។ ព្រះមហាកច្ចានៈតបថា ម្នាលអាវុសោទាំងឡាយ ដូចបុរសអ្នកត្រូវការដោយខ្លឹមឈើ ស្វែងរកខ្លឹមឈើ ត្រាច់ទៅស្វែងរកខ្លឹមឈើ កាលបើឈើធំមានខ្លឹមឋិតនៅ (ចំពោះមុខ) ក៏រំលងគល់ រំលងដើម ហើយសំគាល់ថា គួរស្វែងរកខ្លឹមត្រង់មែក និងសន្លឹក ទៅវិញ យ៉ាងណាមិញ សេចក្តីប្រៀបធៀប ក៏យ៉ាងនោះ កាលព្រះសាស្តា គង់នៅចំពោះមុខ នៃលោកដ៏មានអាយុទាំងឡាយ