ម្នាលភិក្ខុទាំងឡាយ ការសំឡឹងរំពៃចំពោះទ្រព្យអ្នកដទៃ មិនមែនជាធម៌ទេ ការមិនសំឡឹងរំពៃចំពោះទ្រព្យអ្នកដទៃ ជាធម៌... ម្នាលភិក្ខុទាំងឡាយ ការចង់ឲ្យគេវិនាស មិនមែនជាធម៌ទេ ការមិនចង់ឲ្យគេវិនាស ជាធម៌... ម្នាលភិក្ខុទាំងឡាយ ការយល់ខុស មិនមែនជាធម៌ទេ ការយល់ត្រូវជាធម៌ ធម៌ទាំងឡាយណា ជាអកុសលដ៏លាមកច្រើន តែងកើតឡើងព្រម ព្រោះបច្ច័យ គឺការយល់ខុស នេះមិនមែនជាប្រយោជន៍ទេ ធម៌ទាំងឡាយ ជាកុសលច្រើន រមែងដល់នូវការបរិបូណ៌ ដោយភាវនា ព្រោះបច្ច័យ គឺការយល់ត្រូវ នេះជាប្រយោជន៍។ ម្នាលភិក្ខុទាំងឡាយ សភាវៈមិនមែនជាធម៌ និងធម៌ ភិក្ខុគប្បីដឹង សភាវៈមិនមែនជាប្រយោជន៍ និងប្រយោជន៍ ក៏ភិក្ខុគប្បីដឹង លុះបានដឹងសភាវៈមិនមែនជាធម៌ និងធម៌ ដឹងនូវសភាវៈមិនមែនជាប្រយោជន៍ និងប្រយោជន៍ហើយ ធម៌យ៉ាងណា ប្រយោជន៍យ៉ាងណា គប្បីប្រតិបត្តិ យ៉ាងនោះចុះ ពាក្យណា ដែលតថាគតពោលហើយដូច្នេះ ពាក្យនុ៎ះ តថាគត បានពោលហើយ ព្រោះអាស្រ័យនូវសេចក្តីនេះ។