ដើម្បីនឹងបំបែកជនឯណោះ ជាអ្នកផ្សះផ្សានូវពួកជន ដែលបែកគ្នាផង ជាអ្នកទំនុកបម្រុងនូវពួកជនដែលរួបរួមគ្នាផង ជាអ្នកត្រេកអរក្នុងសេចក្តីព្រមព្រៀងគ្នាផង ជាអ្នកមានតម្រេកតែក្នុងសេចក្តីព្រមព្រៀងគ្នា ជាអ្នករីករាយ ក្នុងសេចក្តីព្រមព្រៀងគ្នា ពោលនូវវាចាដែលធ្វើឲ្យកើតសេចក្តីព្រមព្រៀងគ្នា ដោយប្រការដូច្នេះ ១ ជាអ្នកលះបង់ផរុសវាចា វៀរស្រឡះចាកផរុសវាចា ជាអ្នកពោលតែវាចាមិនមានទោស ជាសុខដល់ត្រចៀក គួរឲ្យកើតសេចក្តីស្រឡាញ់ ចូលទៅកាន់ហឫទ័យ ជាវាចាអ្នកបុរី ជាទីស្រឡាញ់នៃជនច្រើន ជាទីពេញចិត្តនៃជនច្រើន ១ ជាអ្នកលះបង់សម្ផប្បលាបៈ វៀរស្រឡះចាកសម្ផប្បលាបៈ ពោលពាក្យត្រូវតាមកាល ពោលពាក្យពិត ពោលពាក្យដែលជាអត្ថ ពោលពាក្យដែលជាធម៌ ពោលពាក្យដែលជាវិន័យ ពោលពាក្យដែលគួរតាំងទុកក្នុងហឫទ័យ ជាពាក្យត្រូវតាមកាលវេលា ប្រកបដោយគ្រឿងអាង ជាវាចាមានទីបំផុត ប្រកបដោយប្រយោជន៍ ១។ ម្នាលចុន្ទ ការស្អាតដោយវាចា មាន ៤ ប្រការយ៉ាងនេះឯង។ ម្នាលចុន្ទ ចុះការស្អាតដោយចិត្ត មាន ៣ ប្រការ តើដូចម្តេច។