ម្នាលចុន្ទ បុគ្គលខ្លះ ក្នុងលោកនេះ មិនមានអភិជ្ឈា ជាអ្នកមិនគយគន់នូវគ្រឿងឧបករណ៍ ដែលជាទ្រព្យសម្បត្តិ នៃបុគ្គលដទៃ ដោយគិតថា ឱហ្ន៎ គ្រឿងឧបករណ៍ ដែលជាទ្រព្យសម្បត្តិនៃបុគ្គលណា គ្រឿងឧបករណ៍នោះ គប្បីបានមកអញ ដូច្នេះឡើយ ១ ជាអ្នកមានចិត្តមិនព្យាបាទ គឺជាមនុស្សមានតម្រិះក្នុងចិត្ត ដែលទោសមិនប្រទូស្តហើយថា សត្វទាំងឡាយនេះ កុំមានពៀរនិងគ្នា កុំព្យាបាទគ្នា កុំមានទុក្ខ ចូររក្សាខ្លួនឲ្យបានសេចក្តីសុខចុះ ១ ជាអ្នកមានសេចក្តីយល់ត្រូវ គឺជាមនុស្ស យល់ឃើញនូវសេចក្តីមិនវិបរឹតថា ទានដែលបុគ្គលឲ្យហើយ មានផល ការបូជាធំ មានផល ការបូជាតូច មានផល ផលវិបាកនៃកុសលាកុសលកម្ម ដែលសត្វធ្វើល្អ ធ្វើអាក្រក់ មាន លោកនេះមាន លោកខាងមុខមាន មាតាមាន បិតាមាន ពួកសត្វទាំងឡាយ ជាឱបបាតិកកំណើតមាន ពួកសមណព្រាហ្មណ៍ក្នុងលោក ដែលជាអ្នកប្រព្រឹត្តល្អ ប្រតិបត្តិដោយត្រឹមត្រូវ ធ្វើឲ្យជាក់ច្បាស់នូវលោកនេះ និងលោកខាងមុខដោយប្រាជ្ញា ដ៏ឧត្តមរបស់ខ្លួនឯង ហើយសំដែងប្រាប់ មាន ១។ ម្នាលចុន្ទ ការស្អាតដោយចិត្ត មាន ៣ ប្រការ យ៉ាងនេះឯង។