មនោកម្មវៀច គតិវៀច ឧបបត្តិ (ការកើតឡើង) ក៏វៀច។ ម្នាលភិក្ខុទាំងឡាយ បណ្តាគតិទាំងពីររបស់សត្វ មានគតិវៀច មានឧបបត្តិវៀច តថាគត ពោលនូវគតិណាមួយ គឺនិរយគតិ មានទុក្ខតែម៉្យាង ឬតិរច្ឆានយោនិគតិ មានជាតិដ៏រន្ធត់។ ម្នាលភិក្ខុទាំងឡាយ តិរច្ឆានយោនិគតិ ប្រកបដោយរន្ធត់នោះ តើដូចម្តេច គឺពស់ ខ្ទួយ ក្អែប ស្កា សំពោច កណ្តុរ មៀម ឬក៏ពួកសត្វ កើតក្នុងកំណើតតិរច្ឆានណាមួយ ក្រៅពីនេះ ឃើញមនុស្សទាំងឡាយហើយ ក៏រមែងរន្ធត់។ ម្នាលភិក្ខុទាំងឡាយ ឧបបត្តិរបស់សត្វ តាមសភាវៈ រមែងមានដោយប្រការដូច្នេះឯង។ បុគ្គលធ្វើនូវកម្មណា រមែងកើតឡើងដោយអំណាចកម្មនោះ ផស្សៈទាំងឡាយ (របស់វិបាក) ក៏រមែងពាល់ត្រូវនូវបុគ្គលដែលកើតមកនោះ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា សត្វទាំងឡាយ មានកម្មជាទាយាទ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ លួចយកទ្រព្យដែលគេមិនបានឲ្យ... ប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ... ពោលពាក្យកុហក... មានសំដីញុះញង់... មានសំដីអាក្រក់ ... ពោលពាក្យឥតប្រយោជន៍...