​បពិត្រ​មហា​នាម​ ​មួយទៀត​ ​ព្រះអង្គ​គប្បី​រលឹក​នូវ​សីល​ទាំងឡាយ​របស់​ខ្លួន​ថា​ ​សីល​មិន​ដាច់​ ​មិន​ធ្លុះ​ ​មិន​ពព្រុះ​ ​មិន​ពពាល​ ​ជា​សីល​ជានា​ ​ដែល​ពួក​វិញ្ញូ​ជន​សរសើរ​ ​ជា​សីល​ ​ដែល​តណ្ហា​ ​និង​ទិដ្ឋិ​ ​មិនបាន​ស្ទាបអង្អែល​ ​ជា​សីល​ប្រព្រឹត្តទៅ​ ​ដើម្បី​សមាធិ​។​ ​បពិត្រ​មហា​នាម​ ​អរិយសាវ័ក​ ​រលឹក​នូវ​សីល​ក្នុង​សម័យ​ណា​ ​អរិយសាវ័ក​នោះ​ ​ឥតមាន​រាគៈ​រួបរឹត​ចិត្តបាន​ ​ឥតមាន​ទោសៈ​រួបរឹត​ចិត្តបាន​ ​ឥតមាន​មោហៈ​រួបរឹត​ចិត្តបាន​ក្នុង​សម័យ​នោះ​ ​ចិត្ត​របស់​អរិយសាវ័ក​នោះ​ ​ជា​ចិត្តត្រង់​ក្នុង​សម័យ​នោះ​ ​បពិត្រ​មហា​នាម​ ​លុះ​អរិយសាវ័ក​មានចិត្ត​ត្រង់​ ​ប្រារព្ធ​នូវ​សីល​ហើយ​ ​តែង​បាន​សេចក្តី​យល់​នូវ​អត្ថ​ ​បាន​សេចក្តី​យល់​នូវ​ធម៌​ ​បាន​សេចក្តី​រីករាយ​ ​ប្រកបដោយ​ធម៌​ ​កាលបើ​អរិយសាវ័ក​ ​មានចិត្ត​រីករាយ​ហើយ​ ​បីតិ​ក៏​កើតឡើង​ ​កាលបើ​អរិយសាវ័ក​ ​មានចិត្ត​ប្រកបដោយ​បីតិ​ហើយ​ ​កាយ​ក៏​ស្ងប់​រម្ងាប់​ ​លុះ​អរិយសាវ័ក​ ​មាន​កាយ​ស្ងប់​រម្ងាប់​ហើយ​ ​តែង​បាន​ទទួល​នូវ​សេចក្តី​សុខ​ ​កាលបើ​អរិយសាវ័ក​ ​មាន​សេចក្តី​សុខ​ហើយ​ ​ចិត្ត​ក៏​តាំងនៅ​ល្អ​។​ ​
ថយ | ទំព័រទី ២៦៩ | បន្ទាប់