បពិត្រមហានាម ព្រះអង្គគប្បីរលឹកនូវព្រះតថាគត ក្នុងលោកនេះថា ព្រះមានព្រះភាគអង្គនោះ។បេ។ ជាសាស្រ្តាចារ្យនៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គត្រាស់ដឹងនូវអរិយសច្ចធម៌ ព្រះអង្គលែងវិលមកកាន់ភពថ្មីទៀត។ បពិត្រមហានាម អរិយសាវ័ក រលឹកនូវព្រះតថាគត ក្នុងសម័យណា អរិយសាវ័កនោះ ឥតមានរាគៈរួបរឹតចិត្តបាន ឥតមានទោសៈរួបរឹតចិត្តបាន ឥតមានមោហៈរួបរឹតចិត្តបាន ក្នុងសម័យនោះ ចិត្តរបស់អរិយសាវ័កនោះ ជាចិត្តត្រង់ ក្នុងសម័យនោះ បពិត្រមហានាម លុះអរិយសាវ័ក មានចិត្តត្រង់ ប្រារព្ធនូវព្រះតថាគតហើយ តែងបានសេចក្តីយល់នូវអត្ថ បានសេចក្តីយល់នូវធម៌ បានសេចក្តីរីករាយប្រកបដោយធម៌ កាលបើអរិយសាវ័កមានចិត្តរីករាយហើយ បីតិក៏កើតឡើង កាលបើអរិយសាវ័កមានចិត្តប្រកបដោយបីតិហើយ កាយក៏ស្ងប់រម្ងាប់ លុះអរិយសាវ័កមានកាយស្ងប់រម្ងាប់ហើយ តែងបានទទួលនូវសេចក្តីសុខ កាលបើអរិយសាវ័កមានសេចក្តីសុខហើយ ចិត្តក៏តាំងនៅល្អ។ បពិត្រមហានាម ព្រះអង្គកំពុងស្តេចយាងក្តី គប្បីចំរើន ឋិតក្តី គប្បីចំរើន គង់ក្តី គប្បីចំរើន