សម័យនោះឯង ពួកភិក្ខុជាច្រើនរូប ធ្វើចីវរកម្មថ្វាយចំពោះព្រះមានព្រះភាគ ដោយគិតថា ព្រះមានព្រះភាគ មានចីវរសម្រេចហើយ ទ្រង់ចៀសចេញទៅកាន់ចារិក ដោយកាលកន្លងទៅ ៣ ខែ។ នន្ទិយសក្កៈ បានឮថា ពួកភិក្ខុច្រើនរូប ធ្វើចីវរកម្ម ថ្វាយចំពោះព្រះមានព្រះភាគ ដោយគិតថា ព្រះមានព្រះភាគ មានចីវរសម្រេចហើយ ទ្រង់នឹងចៀសចេញទៅកាន់ចារិក ដោយកាលកន្លងទៅ ៣ ខែ។ លំដាប់នោះ នន្ទិយសក្កៈ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះនន្ទិយសក្កៈ អង្គុយក្នុងទីសមគួរហើយ ក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គបានឮពាក្យនេះថា ពួកភិក្ខុច្រើនរូប ធ្វើចីវរកម្មថ្វាយចំពោះព្រះមានព្រះភាគ ដោយគិតថា ព្រះមានព្រះភាគ មានចីវរសម្រេចហើយ ទ្រង់នឹងចៀសចេញទៅកាន់ចារិក ដោយកាលកន្លងទៅ ៣ ខែ។ បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំទាំងនោះ កាលនៅដោយវិហារធម៌ផ្សេង ៗ តើគួរនៅដោយវិហារធម៌ដូចម្តេច។