ទ្រង់ត្រាស់ដូច្នេះថា ម្នាលសុភូតិ ភិក្ខុនេះឈ្មោះអ្វី។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុនេះឈ្មោះសទ្ធៈ ជាកូនឧបាសក អ្នកមានសទ្ធា បានចេញចាកផ្ទះ ចូលមកកាន់ផ្នួស ដោយសទ្ធា។ ម្នាលសុភូតិ សទ្ធភិក្ខុនេះ ជាកូនឧបាសកអ្នកមានសទ្ធា បានចេញចាកផ្ទះ ចូលមកកាន់ផ្នួសដោយសទ្ធា និងប្រាកដក្នុងសទ្ធាចរិតទាំងឡាយដែរឬ។ បពិត្រព្រះមានព្រះភាគ កាលនេះជាកាលគួរ ដល់ព្រះអង្គហើយ បពិត្រព្រះសុគត កាលនេះ ជាកាលគួរ ដល់ព្រះអង្គហើយ ព្រះមានព្រះភាគ គួរសំដែងសទ្ធាចរិតទាំងឡាយ របស់បុគ្គលអ្នកមានសទ្ធា ទោះភិក្ខុនេះប្រាកដក្នុងសទ្ធាចរិតទាំងឡាយក្តី មិនប្រាកដក្តី ខ្ញុំព្រះអង្គនឹងដឹងក្នុងកាលឥឡូវនេះ។ ម្នាលសុភូតិ បើដូច្នោះ អ្នកចូរស្តាប់ ចូរធ្វើទុកក្នុងចិត្ត ឲ្យប្រពៃចុះ តថាគតនឹងសំដែងប្រាប់។ ព្រះសុភូតិដ៏មានអាយុ ទទួលព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះមានព្រះភាគត្រាស់ដូច្នេះថា ម្នាលសុភូតិ ភិក្ខុក្នុងសាសនានេះ អ្នកមានសីល សង្រួមក្នុងបាតិមោក្ខសំវរៈ បរិបូណ៌ដោយអាចារៈ និងគោចរៈ ឃើញភ័យក្នុងទោសទាំងឡាយ សូម្បីបន្តិចបន្តួច ហើយសមាទាន សិក្សាក្នុងសិក្ខាបទទាំងឡាយ។