បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុនេះ រលឹកឃើញនូវជាតិ ដែលខ្លួនធ្លាប់អាស្រ័យនៅ ក្នុងកាលមុនច្រើនជាតិ គឺរលឹកឃើញបាន ១ជាតិ ២ជាតិ។បេ។ រលឹកឃើញជាតិ ដែលខ្លួនធ្លាប់អាស្រ័យនៅ ក្នុងកាលមុនជាច្រើនជាតិ ព្រមទាំងអាការ ព្រមទាំងឧទ្ទេស ដោយប្រការដូច្នេះ។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុនេះ មានទិព្វចក្ខុដ៏បរិសុទ្ធ កន្លងនូវចក្ខុរបស់មនុស្សធម្មតា។បេ។ ដឹងច្បាស់នូវពួកសត្វដែលអន្ទោលទៅ តាមយថាកម្ម។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុនេះ បានធ្វើឲ្យជាក់ច្បាស់។បេ។ ព្រោះអស់អាសវៈទាំងឡាយ ហើយសម្រេចសម្រាន្តនៅ។ បពិត្រព្រះអង្គដ៏ចំរើន សទ្ធាចរិតទាំងឡាយណា របស់បុគ្គលអ្នកមានសទ្ធា ដែលព្រះមានព្រះភាគ ទ្រង់សំដែងហើយ សទ្ធាចរិតទាំងនោះ រមែងមានប្រាកដ ដល់ភិក្ខុនេះ ទាំងភិក្ខុនេះ នឹងប្រាកដក្នុងសទ្ធាចរិតទាំងនុ៎ះ។ ម្នាលសុភូតិ ប្រពៃហើយ ប្រពៃហើយ ម្នាលសុភូតិ បើដូច្នោះ អ្នកគប្បីនៅជាមួយនឹងសទ្ធភិក្ខុនេះចុះ ម្នាលសុភូតិ កាលណាបើអ្នកប្រាថ្នាដើម្បីជួបតថាគត អ្នកគប្បីចូលមកជាមួយនឹងសទ្ធភិក្ខុ ដើម្បីជួបតថាគត (ក្នុងកាលនោះចុះ)។