បពិត្រព្រះអានន្ទដ៏ចំរើន ចិត្តរបស់ភិក្ខុ អ្នកមិនមានសេចក្តីប្រមាទ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានចិត្តឆ្ពោះទៅកាន់ព្រះនិព្វាន មិនទាន់រួចស្រឡះក្តី រមែងរួចស្រឡះ អាសវៈទាំងឡាយមិនទាន់អស់ក្តី រមែងដល់នូវការអស់ ចិត្តដែលមិនទាន់ដល់ក្តី ក៏រមែងដល់នូវធម៌ជាទីក្សេមចាកយោគៈដ៏ប្រសើរ ក្នុងធម៌តែមួយណា ធម៌តែមួយនោះ ដែលព្រះមានព្រះភាគអង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ បានសំដែងហើយ ដោយប្រពៃ តើដូចម្តេច។ ម្នាលគហបតី ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ក៏បានចូលកាន់បឋមជ្ឈាន ប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ មានបីតិ និងសុខៈ ដែលកើតអំពីសេចក្តីស្ងប់ស្ងាត់។ ភិក្ខុនោះ បានពិចារណាដូច្នេះ ក៏ដឹងច្បាស់ថា បឋមជ្ឈាននេះ ដែល (អាត្មាអញ) បានតាក់តែង បានពិចារណា ដោយផ្ចិតផ្ចង់ ឈានណាមួយ ដែលអាត្មាអញ បានតាក់តែង បានពិចារណា ដោយផ្ចិតផ្ចង់ហើយ ឈាននោះ ក៏មិនទៀង មានការរលត់ទៅជាធម្មតា។