ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ដឹងច្បាស់តាមពិត នូវរូបណានីមួយ គឺមហាភូតរូបទាំង ៤ ផង ឧបាទាយរូប ដែលអាស្រ័យនឹងមហាភូតរូបទាំង ៤ ផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកស្គាល់រូប យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកឈ្លាសវៃក្នុងលក្ខណៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ដឹងច្បាស់តាមពិតថា បុគ្គលពាល មានកម្មជាលក្ខណៈ បុគ្គលជាបណ្ឌិត មានកម្មជាលក្ខណៈ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកឈ្លាសវៃក្នុងលក្ខណៈ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុជាអ្នកចេះឆ្កឹះឆ្កៀលពងរុយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ មិនទទួលត្រងរងយកកាមវិតក្កៈដែលកើតឡើងហើយ លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យកើតទៅទៀតបាន នូវព្យាបាទវិតក្កៈដែលកើតឡើងហើយ... វិហឹសាវិតក្កៈដែលកើតឡើងហើយ... មិនទទួលត្រងរងយកអកុសលធម៌ ដ៏លាមក ដែលកើតឡើងហើយ ៗ លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យកើតតទៅទៀត។