​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​អ្នកចេះ​បិទ​ដំបៅ​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ភិក្ខុ​ជា​អ្នកចេះ​ធ្វើ​ភ្នក់​ផ្សែង​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នក​សំដែងធម៌​តាម​ខ្លួន​បាន​ស្តាប់​ ​តាម​ខ្លួន​បាន​រៀន​មក​ ​ដល់​ជន​ទាំងឡាយ​ដទៃ​ ​ដោយ​សេចក្តី​ពិស្តារ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​អ្នកចេះ​ធ្វើ​ភ្នក់​ផ្សែង​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ចូល​ទៅ​រក​ពួក​ភិក្ខុ​ ​ដែល​ជា​អ្នកចេះដឹង​ច្រើន​ ​ចេះចាំ​និកាយ​ ​ទ្រទ្រង់ធម៌​ ​ទ្រទ្រង់​វិន័យ​ ​ទ្រទ្រង់​មាតិកា​គ្រប់​កាល​ ​ហើយ​សាកសួរ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ហេតុនេះ​ ​ដូចម្តេច​ ​សេចក្តី​នៃ​ភាសិត​នេះ​ ​ដូចម្តេច​។​ ​លោក​ដ៏​មាន​អាយុ​ទាំងនោះ​ ​ក៏​បើក​បង្ហាញ​ ​កំចាត់​កំចាយ​សេចក្តី​ដែល​កំបាំង​ផង​ ​ធ្វើឲ្យ​រាក់​នូវ​របស់​ដែល​ជ្រៅ​ផង​ ​បន្ទោបង់​ ​កំចាត់​កំចាយ​សេចក្តី​សង្ស័យ​ ​ក្នុង​ធម៌​ទាំងឡាយ​ ​ដែល​គួរ​សង្ស័យ​ច្រើនប្រការ​ ​ដល់​ភិក្ខុ​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ស្គាល់​កំពង់​ ​យ៉ាងនេះ​ឯង​។​ ​
ថយ | ទំព័រទី ៣២២ | បន្ទាប់