​ពួក​អកុសលធម៌​ដ៏​លាមក​ ​ច្រើនប្រការ​ណា​ ​ដែល​មាន​មិច្ឆា​វិមុត្តិ​ ​ជា​បច្ច័យ​ ​កើត​ព្រម​ ​នេះ​ជាស​ភាវៈ​មិនមែន​ប្រយោជន៍​ ​ពួក​កុសលធម៌​ច្រើនប្រការ​ ​ដែល​មាន​សម្មា​វិមុត្តិ​ ​ជា​បច្ច័យ​ ​រមែង​ដល់​នូវ​ការ​បរិបូណ៌​ ​ដោយ​ភាវនា​ ​នេះ​ជា​ប្រយោជន៍​ ​ម្នាល​អាវុសោ​ ​ព្រះមានព្រះភាគ​នៃ​យើង​ ​ទ្រង់​សំដែង​នូវ​ឧទ្ទេស​ណា​ ​ដោយ​សេចក្តី​បំប្រួញ​ ​មិនទាន់​ចែក​អត្ថ​ ​ដោយ​ពិស្តារ​ ​ស្រាប់តែ​ស្តេច​ក្រោក​ចាក​អាសនៈ​ ​ចូល​ទៅកាន់​ព្រះវិហារ​ ​(​ឧទ្ទេស​នោះ​ថា​)​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​គប្បី​ដឹង​សភាវៈ​ ​មិនមែន​ធម៌​ផង​ ​ធម៌​ផង​ ​គប្បី​ដឹង​សភាវៈ​ ​មិនមែន​ប្រយោជន៍​ផង​ ​ប្រយោជន៍​ផង​ ​លុះ​ដឹង​នូវ​សភាវៈ​មិនមែន​ធម៌​ផង​ ​ធម៌​ផង​ ​ដឹង​នូវ​សភាវៈ​ ​មិនមែន​ប្រយោជន៍​ផង​ ​ប្រយោជន៍​ផង​ ​ធម៌​យ៉ាងណា​ ​ប្រយោជន៍​យ៉ាងណា​ ​ភិក្ខុ​គប្បី​ប្រតិបត្តិ​តាម​យ៉ាងនោះ​ ​ម្នាល​អាវុសោ​ ​ខ្ញុំ​ដឹង​នូវ​អត្ថ​នៃ​ឧទ្ទេស​នេះ​ ​ដែល​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​ដោយ​សេចក្តី​បំប្រួញ​ ​ទ្រង់​មិនទាន់​ចែក​អត្ថ​ដោយ​ពិស្តារ​ ​ឲ្យ​ពិស្តារ​យ៉ាងនេះ​ ​ម្នាល​អាវុសោ​ ​ប្រសិនបើ​ ​អ្នក​ទាំងឡាយ​ប្រាថ្នា​ ​(​និង​សួរ​)​ ​គប្បី​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​ហើយ​ទូល​សួរ​នូវ​សេចក្តី​នុ៎ះ​ចុះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់ព្យាករ​ដល់​យើង​ទាំងឡាយ​យ៉ាងណា​ ​ចូរ​អ្នក​ទាំងឡាយ​ ​ចាំទុក​សេចក្តី​នោះ​យ៉ាងនោះ​ចុះ​។​
ថយ | ទំព័រទី ៤១ | បន្ទាប់