បពិត្រព្រះគោតមដ៏ចំរើន ពួកព្រាហ្មណ៍ក្នុងលោកនេះ តែងកក់ជំរះក្បាល ក្នុងថ្ងៃឧបោសថនោះ ហើយស្លៀកនូវគូសំពត់សម្បកឈើដ៏ថ្មីនេះ លាបនូវផែនដីដោយអាចម៍គោស្រស់ ក្រាលដោយស្បូវទាំងឡាយដ៏ខៀវ ហើយសម្រេចនូវទីដេក ក្នុងចន្លោះផ្នូកខ្សាច់ និងចន្លោះរោងភ្លើង ពួកព្រាហ្មណ៍ទាំងនោះ តែងក្រោកឡើងធ្វើអញ្ជលី សំពះភ្លើង ៣ ដង ក្នុងរាត្រីនោះថា យើងខ្ញុំជំរះបាបនិងលោកដ៏ចំរើន យើងខ្ញុំជំរះបាបនិងលោកដ៏ចំរើន តែងញុំាងភ្លើងឲ្យឆ្អែត ដោយទឹកដោះរាវ ប្រេង ទឹកដោះខាប់ដ៏ល្មមគ្រាន់ លុះកន្លងរាត្រីនោះទៅ ក៏នាំគ្នាញុំាងពួកព្រាហ្មណ៍ឲ្យឆ្អែត ដោយខាទនីយភោជនីយាហារ ដ៏ថ្លៃថ្លាទៀត បពិត្រព្រះគោតមដ៏ចំរើន ការជំរះបាប របស់ពួកព្រាហ្មណ៍ យ៉ាងនេះឯង។ ម្នាលព្រាហ្មណ៍ ការជំរះបាបរបស់ពួកព្រាហ្មណ៍ ដោយឡែក ចំណែកឯការជំរះបាប ក្នុងវិន័យរបស់អរិយៈ ដោយឡែក។ បពិត្រព្រះគោតមដ៏ចំរើន ការជំរះបាប ក្នុងវិន័យរបស់អរិយៈ តើដូចម្តេច