ផលដ៏លាមករបស់មិច្ឆាញាណៈ (តែងមាន) ក្នុងបច្ចុប្បន្នផង ក្នុងលោកខាងមុខផង លុះអរិយសាវកនោះ ពិចារណា ដូច្នេះហើយ ក៏លះបង់មិច្ឆាញាណៈចេញ ឈ្មោះថា ជំរះមិច្ឆាញាណៈ ផលដ៏លាមករបស់មិច្ឆាវិមុត្តិ (តែងមាន) ក្នុងបច្ចុប្បន្នផង ក្នុងលោកខាងមុខផង លុះអរិយសាវកនោះ ពិចារណា ដូច្នេះហើយ ក៏លះបង់មិច្ឆាវិមុត្តិចេញ ឈ្មោះថា ជំរះមិច្ឆាវិមុត្តិ ម្នាលព្រាហ្មណ៍ ការជំរះបាប ក្នុងវិន័យរបស់អរិយៈ យ៉ាងនេះឯង។ បពិត្រព្រះគោតមដ៏ចំរើន ការជំរះបាប របស់ពួកព្រាហ្មណ៍ដោយឡែក ចំណែកការជំរះបាប ក្នុងវិន័យរបស់អរិយៈ ដោយឡែក។ បពិត្រព្រះគោតមដ៏ចំរើន ការជំរះបាប របស់ពួកព្រាហ្មណ៍ មិនដល់នូវចំណែកដែលចែកជា ១៦ អស់ ១៦ ដង នៃការជំរះបាប ក្នុងវិន័យរបស់អរិយៈនេះឡើយ។ បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ណាស់។បេ។ សូមព្រះគោតមដ៏ចំរើន ទ្រង់ជ្រាបនូវខ្ញុំព្រះអង្គថា ជាឧបាសកអ្នកដល់នូវសរណគមន៍ ស្មើដោយជីវិត តាំងពីថ្ងៃនេះរៀងទៅ។