បារិសុទ្ធិវគ្គ ទី៣
[២៣] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ ១០ នេះ បរិសុទ្ធផូរផង់ ក្រៅអំពីវិន័យរបស់ព្រះសុគត មិនមានឡើយ។ ធម៌ ១០ តើអ្វីខ្លះ។ សេចក្តីយល់ត្រូវ ១ សេចក្តីត្រិះរិះត្រូវ ១ សំដីត្រូវ ១ ការងារត្រូវ ១ ការចិញ្ចឹមជីវិតត្រូវ ១ សេចក្តីព្យាយាមត្រូវ ១ ការរលឹកត្រូវ ១ ការដំកល់ចិត្តមាំត្រូវ ១ ការដឹងត្រូវ ១ ការរួចត្រូវ ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ១០ នេះឯង បរិសុទ្ធផូរផង់ ក្រៅអំពីវិន័យរបស់ព្រះសុគត មិនមានឡើយ។
[២៤] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ ១០ នេះ មិនទាន់កើត ហើយកើតឡើង ក្រៅអំពីវិន័យរបស់ព្រះសុគត មិនមានឡើយ។ ធម៌ ១០ តើអ្វីខ្លះ។ គឺសេចក្តីយល់ត្រូវ ១។បេ។ ការរួចត្រូវ ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ១០ នេះឯង មិនទាន់កើត ហើយកើតឡើង ក្រៅអំពីវិន័យរបស់ព្រះសុគត មិនមានឡើយ។
[២៥] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ ១០ នេះ មានផលច្រើន មានអានិសង្សច្រើន ក្រៅអំពីវិន័យរបស់ព្រះសុគត មិនមានឡើយ។ ធម៌ ១០ តើអ្វីខ្លះ។ គឺសេចក្តីយល់ត្រូវ ១។បេ។ ការរួចត្រូវ ១។